គំនិតស្ដីអំពីម៉ូដែលរថយន្ដក្រុង “ហោះ” ស្ដាប់ទៅដូចជាមាននៅតែនៅក្នុងភាពយន្ត ប៉ុន្ដែ តាមពិតជាបានក្លាយជាការពិតទៅហើយ នៅប្រទេសចិន។ការសាកល្បងដំណើរការរថយន្តក្រុងដែលបម្លាស់ទីនៅទីខ្ពស់ ត្រូវបានធ្វើឡើងនៅក្នុងក្រុង Qinhuangdao កាលពីព្រឹកថ្ងៃទី២សីហា នេះបើតាមទំព័រ Shanghaiist។ រថយន្តក្រុងគំរូសាកល្បងនេះ មានតែមួយទូរ ដែលមានបណ្ដោយ ២២ម៉ែត្រ ទទឹង ៧,៨ម៉ែត្រ និងកំពស់ ៤,៨ម៉ែត្រ។/រថយន្តយក្ស “ហោះ” នេះ មានកន្លែងអង្គុយចំនួន ១៨ ដែលដាក់ជាពីរជួរ កៅអីមូលចំនួចពីរនៅកណ្ដាល។ ក្រៅពីនេះ គឺមានកន្លែងឈរដែលអាចផ្ទុកមនុស្សបានដល់ទៅ ៣០០នាក់។ក្រុមហ៊ុនផលិតរថយន្ដយក្សនេះ ឱ្យដឹងថា រថយន្ដនេះ នឹងរត់នៅពីលើ ខណៈដែលរថយន្តតូចនានា រត់នៅខាងក្រោម។ រថយន្តយក្សដែលនឹងត្រូវគេដំឡើងរួចរាល់ នឹងអាចផ្ទុកមនុស្សបាន ១.២០០នាក់ និងអាចធ្វើដំណើរបាន ៦០គីឡូម៉ែត្រ/ម៉ោង។ប៉ុន្តែ ការសាកល្បងខាងលើនេះ ត្រូវបានគេយល់ថា មិនទាន់សមស្របជាមួយនឹងស្ថានភាពចរាចរណ៍ជាក់ស្ដែង ព្រោះថា រថយន្តក្រុង “ហោះ” នេះ រត់នៅលើផ្លូវដែកពិសេសដែលមានប្រវែង ៣០០ម៉ែត្រប៉ុណ្ណោះ។ ជាងនេះ ការចេញចូលរថយន្តនេះ ក៏នៅមានការលំបាក ព្រោះមិនទាន់មានជណ្ដើរយោងដូចការគ្រោងទុកនៅឡើយ។/សូមបញ្ជាក់ថា ក្រុមហ៊ុន Transit Explore Bus បានចាប់ផ្ដើមគម្រោងរថយន្តក្រុង TEB នេះ តាំងពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែ រហូតមកដល់ខែឧសភា ទើបគម្រោងនេះ ទទួលបានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ នៅពេលរថយន្តត្រូវបានឧទ្ទេសនាមនៅក្នុងពិព័រណ៍បច្ចេកវិទ្យាជាន់ខ្ពស់អន្តរជាតិលើកទី ១៩ដែលប្រារព្ធឡើងនៅក្រុងប៉េកាំង។មួយខែក្រោយមក ក្រុមហ៊ុនបានប្រកាសថា រថយន្តក្រុង TEB បានត្រៀមខ្លួនជាស្រេចដើម្បីដំណើរការសាកល្បងដំបូងនៅក្នុងខែសីហា។បើធៀបនឹងរថភ្លើងក្រោមដី ប្រាក់ចំណាយសម្រាប់ផលិតរថយន្តក្រុង TEB មានតម្លៃទាបជាងដល់ទៅ ៥ដង ហើយគេត្រូវការពេលតែមួយឆ្នាំប៉ុណ្ណោះក្នុងការផលិត នេះបើតាមក្រុមហ៊ុន Transit Explore Bus ។ រថយន្ដនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាមធ្យោបាយមួយជួយសម្រួលដល់បញ្ហាស្ទះចរាចរណ៍ នៅក្នុងទីក្រុងធំៗរបស់ចិន។

ប្រែសម្រួល ៖ បុត្រា<