ភ្នំពេញ៖ មន្រ្តីបម្រើការងារ នៅស្ថាប័នព្រឹទ្ធសភា បានបើករថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុកម៉ូតូ និងរថយន្ត ពេលកំពុងធ្វើ ដំណើរតាមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ចំនួន៣នាក់ កាលពីវេលាម៉ោង ប្រមាណ៩៖១០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣ស្ថិតនៅតាមផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន នៅមុខផ្ទះលក់ភេសជ្ជះគ្រប់ប្រភេទ ១.២.៣ អូឡាំពិក ខាងត្បូងផ្សារអូឡាំពិក។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ ខាងលើ មានរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស ៤៧០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-5379 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣១០ លុះមកដល់ចំណុចកើតហេតុ មិនដឹងថាមានរឿងអ្វីកើតឡើង ស្រាប់តែជ្រុលទៅបុក ម៉ូតូរឺម៉កកង់បី មួយគ្រឿង រួចហើយរថយន្ត បានជ្រុលទៅបុក ម៉ូតូសង់ការរ៉េ ដែលកំពុងធ្វើដំណើរ បញ្ច្រសទិសគ្នា បណ្តាលឲ្យអ្នកបើកជាប្តីស្លាប់ និងប្រពន្ធ ជិះពីក្រោយ រងរបួសធ្ងន់ ហើយចៅម្នាក់រងរបួសផងដែរ ។
សាក្សីបានបន្តទៀតថា ពេលនោះរថយន្តបង្កមិនទាន់អស់ល្បឿននៅឡើយទេ ហើយក៏ជ្រុលទៅបុក រថយន្តចំនួន២គ្រឿងទៀតរួមមាន រថយន្តម៉ាកហាយឡែនឌ័រពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2U-1098 និងរថយន្តម៉ាកស៊ីអវី ពណ៌ទឹកប្រាក់ និងជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្តាលឲ្យទ្រេតផងដែរ។
បុរសរងគ្រោះដែលត្រូវរថយន្តបុកឲ្យស្លាប់ ខណៈដឹកប្រពន្ធ និងចៅមកពីផ្សារមានឈ្មោះ គង់ សារឹម អាយុ៦៥ឆ្នាំ រស់នៅផ្ទះលេខ ៨៤ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ដោយឡែកប្រពន្ធ និងចៅ របស់ជនរងគ្រោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។
ក្រោយកើតហេតុ ទាំងរថយន្តបង្ក និងអ្នកបើកបរ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕






ចុចត្រង់នេះ ដើម្បីទស្សនាវីដេអូ ក្នុងគេហទំព័រ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល