ក្រុមអ្នកជំនាញការសន្តិសុខអវកាសរបស់អឺរ៉ុប អះអាងថា រុស្ស៊ី កំពុងសាកល្បងផ្កាយរណបមួយដែលមានលទ្ធភាពស្វែងរក និងកំទេចបណ្ដាផ្កាយរណបដទៃនៅលើលំហអាកាស។

/

ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ទស្សនកិច្ចក្រុមហ៊ុនផលិតផ្កាយរណប Reshetnev Satellite Information Systems នៅ Zheleznogorsk

កាសែត Financial Times ឱ្យដឹងថា បច្ចុប្បន្ន យោធាអាមេរិក ទីភ្នាក់ងារអវកាសអឺរ៉ុប និងក្រុមអ្នកជំនាញ​ការផ្នែកផ្កាយរណបជាច្រើនទៀត កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើរាល់​សកម្ម​ភាពរបស់ផ្កាយរណបអាថ៌កំបាំងដែលមានរហ័សនាមថា 2014-28E ត្រូវបានប្រទេសរុស្ស៊ី បាញ់បង្ហោះដោយស្ងាត់ៗ កាលពីខែឧសភា។

ចាប់តាំងពីខែសីហា ដល់ខែតុលា 2014-28E បានបម្លាស់ទីទៅតាមគន្លងគោចរដ៏ចម្លែក។ រហូត​ដល់ក្រុមជំនាញការអន្តរជាតិផ្នែកផ្កាយរណប ចាប់ផ្ដើមតាមដាន ទើបក្រសួងការពារជាតិរបស់ រុស្ស៊ីទទួលស្គាល់ និងចុះឈ្មោះផ្កាយរណបនេះ ដោយដាក់ឈ្មោះថា  Kosmos-2499 ។

/

ផ្កាយ​រណប 2014-28E របស់​រុស្ស៊ី ហោះ​ហើ​រ​លើ​គន្លង​គោចរ​ដ៏​ចម្លែក

 

កាលពីសប្ដាហ៍កន្លង 2014-28E ចាប់ផ្ដើមហោះមកក្បែរផ្កាយរណបមួយផ្សេងទៀត នៅលើគន្លងគោចរ។ អ្នកជំនាញការសន្តិសុខអវកាស Patricia Lewis នៃអង្គភាព Chatham House ឱ្យដឹងថា “2014-28E គឺជាផ្កាយរណបសាកល្បង។ វាអាចមានមុខងារជាច្រើន ទាំងស៊ីវិល ទាំងយោធា។ វាក៏អាចនឹងមានមុខងារពិសេសមួយទៀត គឺវាយប្រហារទៅលើបណ្ដាផ្កាយរណបផ្សេងៗ”។

Moscow Times ដកស្រង់សម្ដីរបស់បណ្ឌិត James Oberg អតីតវិស្វកររបស់ទីភ្នាក់ងារអវកាសអាមេរិក ថ្លែងថា បណ្ដាផ្កាយរណបតូចៗ មានការបម្លាស់ទីលឿន តែងតែមានមុខងារច្រើន ចាប់ពីផ្គត់ផ្គង់ ជួសជុល រហូតដល់មុខងារត្រួតពិនិត្យ និងវាយប្រហារ។

/

ការ​រត់​ប្រណាំង​ផ្នែក​ផ្កាយ​រណប ៖ រុស្ស៊ី ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ឡើង​លំហ​អាកាស ដោយ​ចាប់​ផ្ដើម​ដោយ Sputnik 1

 

James Oberg បន្តថា ៖ “ការដែលរុស្ស៊ី សាកល្បងផ្កាយរណបដោយមិនមានការប្រកាសជាសាធារណៈនេះ បង្ហាញថា ពួកគេមិនមានគោលដៅសន្តិភាពនោះទេ”។

តាមជាក់ស្ដែង បច្ចេកវិទ្យាពិឃាត ត្រូវបានគេអភិវឌ្ឍ តាំងពីទសវត្ស ឆ្នាំ ១៩៥០។ ដើមទសវត្ស ឆ្នាំ ១៩៦០ រុស្ស៊ី បានអនុវត្តគម្រោង Istrebitel Sputnik (ផ្កាយរណបពិឃាត) ដើម្បីផលិតផ្កាយរណប​ដែលមានសមត្ថភាពវាយប្រហារបណ្ដាផ្កាយរណបដទៃ។

/

រុស្ស៊ី មាន​គម្រោង​អវកាស​ប្រកប​ដោយ​មហិច្ឆិតា​ ក្នុង​នោះ ប្រទេស​នេះ មាន​ផ្កាយ​រណប​ជា​ច្រើន ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ ហើយ​ធ្លាប់​បាន​បញ្ជូន​យាន​អវកាស​មួយ ទៅ​កាន់​ព្រះចន្ទ កាល​ពី​ឆ្នាំ ២០១៥

/

ការ​បញ្ចេញ​ផ្កាយ​រណប​ពិឃាត​របស់​រុស្ស៊ី នឹង​ធ្វើ​ឱ្យ​ការ​រត់​ប្រណាំង​ក្នុង​ការ​ផលិត​អាវុធ​អវកាស​ កាន់​តែ​មាន​កំដៅ

រុស្ស៊ីបានផ្អាកគម្រោង Istrebitel Sputnik តាំងពីយូរមកហើយ ប៉ុន្ដែ បណ្ដាប្រទេស ដូចជា អាមេរិក និងចិន គឺសុទ្ធតែធ្លាប់បានសាកល្បងបណ្ដាផ្កាយរណបពិឃាតដូចគ្នានេះ។ យ៉ាងនេះក្ដី វាគ្រាន់តែត្រូវ​បានគេប្រើប្រាស់សម្រាប់កំទេចបណ្ដាផ្កាយរណបដែលអាចបង្កគ្រោះថ្នាក់ នៅពេលវាធ្លាក់មកលើផែនដីតែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail