បន្ទាប់ពីបានដឹងថា មានសត្វ Snorlax បង្ហាញខ្លួននៅក្នុងឧទ្យាន Beitou ក្នុងក្រុងតៃប៉ិ (តៃវ៉ាន់) កាលពីថ្ងៃទី ២០សីហា មនុស្សរាប់ពាន់នាក់បានរត់ចេញទៅតាមដងផ្លូវ ដោយសង្ឃឹមថានឹងចាប់បាន Pokemon ដ៏កម្រនេះ ធ្វើឱ្យមានការច្របូកច្របល់ពេញដងផ្លូវ។

នៅក្នុងហ្គេម Pokemon Go សត្វ Snorlax គឺជាសត្វមួយក្នុងចំណោម Pokemon ដ៏កម្រ ក្រៅពី Dragonite, Dragonair, Gyarados និង Pikachu។ ដូច្នេះ នៅពេលបានដឹងថាមាន Snorlax បង្ហាញខ្លួននៅ Beitou មនុស្សរាប់ពាន់នាក់ បានរត់ទៅកាន់ឧទ្យាននេះ។ ទិដ្ឋភាពនៃមនុស្សរាប់ពាន់នាក់កំពុងរត់ទៅរក Pokemon ត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់ថតបាន និងបង្ហោះនៅលើបណ្ដាញសង្គមនេះ ហើយក៏បានទទួលការចូលមើល ជាង ៣,៥លានលើក និងមានអ្នកចុចចូលចិត្ត ជាង ៣០.០០០លើក ការចែករំលែកឡើងដល់ ២១.០០០លើក រួមនឹងការបញ្ចេញមតិ ចំនួនដល់ទៅជាង ១០.០០០លើក។
យោងតាមទំព័រ Time ឧទ្យាន Beitou គឺជាកន្លែងដែលមាន Pokemon ដ៏កម្រច្រើនជាង បើធៀបនឹងកន្លែងដទៃនៅលើកោះតៃវ៉ាន់។ ដូច្នេះ នៅឧទ្យាននេះ តែងតែមានមនុស្សច្រើន ហើយក្នុងចំណោមនោះ ក៏មានក្រុមខ្លះ បានបង្កភាពច្របូកច្របល់ ខ្វះសណ្ដាប់ធ្នាប់នៅទីសាធារណៈ។ មានពេលខ្លះ អាជ្ញាធរ ត្រូវប្រើកម្លាំង ទើបអាចបំបែកក្រុមមនុស្សនេះបាន។
មួយថ្ងៃក្រោយមក (២១សីហា) ទូរទស្សន៍ TVBS ក៏បានចេញផ្សាយនូវទិដ្ឋភាពមនុស្សរាប់ពាន់នាក់ក្នុងនោះ មានទាំងកុមារ និងមនុស្សពេញវ័យ នាំគ្នារត់ដេញចាប់ Pokemon នៅឧទ្យាន Beitou តែលើនេះ គឺសត្វ Dragonite។ មនុស្សជាច្រើនបានប្រៀបធៀបទិដ្ឋភាពនេះ ដូចទៅនឹងភាពយន្តArmageddon (ថ្ងៃអវសាននៃផែនដី)។
មិនត្រឹមតែនៅតៃវ៉ាន់ប៉ុណ្ណោះទេ តំបន់ដទៃទៀតក៏ធ្លាប់មានមនុស្សរាប់រយនាក់ ដេញចាប់ សត្វPokemon ដ៏កម្រ និងខ្លាំង។ មុននេះ កាលពីថ្ងៃទី ១៨កក្កដា អ្នកស្នេហា Pokemon Go ជាច្រើនបានប្រមូលផ្ដុំគ្នានៅឧទ្យាន Central Park ក្រុងញូវយ៉ាក អាមេរិក ដើម្បីចាប់ សត្វ Vaporeon។ អ្នកខ្លះ ថែមទាំងឈប់ឡាននៅកណ្ដាលផ្លូវ រួចរត់តាមហ្វូងមនុស្ស ដោយសង្ឃឹមថា នឹងចាប់បានសត្វស្រមោលនេះ។
អំពីមូលដ្ឋាន អ្នករាល់គ្នាសុទ្ធតែអាចស្វែងរកបាននូវ Pokemon កម្រ នៅកន្លែងដែលវាបង្ហាញខ្លួនដោយមិនបាច់ដណ្ដើមគ្នា។ ប៉ុន្តែ ការដែលវាបង្ហាញខ្លួនតែក្នុងរយៈពេលខ្លីបែបនេះ គឺជាមូលហេតុដែលនាំឱ្យមានមនុស្សច្រើនដេញចាប់យ៉ាងដូច្នេះ៕
ប្រែសម្រួល ៖ បុត្រា