យានអវកាស Schiaparelli របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបំបែកខ្លួនចេញពីយានមេរបស់វាដើម្បីចុះចតនៅលើភពព្រះអង្គាររយៈពេល៣ថ្ងៃ។

/

យាន Schiaparelli បានចាកចេញពីយានមេ Trace Gas Orbiter កាលពីថ្ងៃទី ១៦កន្លងទៅ នេះបើតាមទំព័រ Seeker។ តាមគម្រោង Schiaparelli នឹងចុះចតនៅក្នុងតំបន់ក្បែររ៉ូបូត Opportunity របស់អង្គការ NASA នៅវេលាម៉ោង ២១និង៥៧នាទី ថ្ងៃទី ១៩តុលា (ម៉ោងនៅកម្ពុជា)។ រលកសញ្ញាវិទ្យុបញ្ជាក់អំពីការចុះចតដោយជោគជ័យនឹងត្រូវចំណាយពេល ១០នាទីដើម្បីបញ្ជូនទិន្នន័យមកកាន់ផែនដីក្នុងល្បឿនស្មើនឹងពន្លឺ។

ប្រហែល ៩៨នាទី មុនពេល Schiaparelli ចុះដល់ដី យានមេ Trace Gas Orbiter (TGO) នឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន បន្ថយល្បឿន ដើម្បីឱ្យទំនាញរបស់ភពអង្គារទាញចូលទៅក្នុងគន្លងគោចរ។

TGO និង Schiaparelli បានចាកចេញពីផែនដី កាលពី៧ខែមុន ដែលជាផ្នែកដំបូងមួយនៃបេសកកម្មរបស់ ExoMars សហការណ៍រវាងអឺរ៉ុប និងរុស្ស៊ី។

ក្នុងរយៈពេល២ថ្ងៃទៀត Schiaparelli នឹងស្ថិតក្នុងស្ថានភាព “ដេកលក់” ដើម្បីសំចៃថាមពល។ យាននេះនឹងធ្វើការនៅលើភពព្រះអង្គារតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ Schiaparelli ត្រូវបានបង្កើតឡើងដើម្បីធ្វើការពិសោធទៅលើដំណើរការ និងបណ្ដាឧបករណ៍ដែលនឹងប្រើប្រាស់សម្រាប់រ៉ូបូតដែលនឹងត្រូវបានបាញ់បង្ហោះនៅឆ្នាំ ២០២០ ទន្ទឹមនឹងនេះ Schiaparelli ក៏នឹងមានបេសកកម្មស្វែងរកសញ្ញានៃជីវិតនៅលើភពព្រះអង្គារផងដែរ៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ space