បន្ទាប់ពីកុំព្យូទ័រ Tablet Galaxy Tab 10.1 ពេលនេះ ដល់វេន Galaxy Nexus វិញម្ដង ដែលបានក្លាយជាអ្នករងគ្រោះបន្ទាប់របស់ Apple ដែលត្រូវបានហាមលក់នៅអាមេរិក ដោយសារតែបានរំលោភលើកម្មសិទ្ធិបញ្ញា ស្ដីពី រចនាបថរបស់ iPhone ។
ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ២៩មិថុនា ដោយចៅក្រម Lucy Koh អ្នកដែលធ្លាប់បានប្រកាសសាលក្រម សម្រេចហាមលក់ Galaxy Tab 10.1 របស់ Samsung កាលពីដើមសប្ដាហ៍មុន។

លោក Koh បានអោយដឹងថា Galaxy Nexus មានចំណុចដូចគ្នាខ្លះទៅនឹងរចនាបថដែលបានចុះឈ្មោះ របស់ Apple iPhone។ ដើម្បីប្ដឹងពីករណីនេះ Apple បានត្រៀម ៩៥លានដុល្លារដើម្បីសងជម្ងឺចិត្តដែលអាចកើតមាន សម្រាប់ Samsung ប្រសិន ការស៊ើបអង្កេតចុងក្រោយរបស់តុលាការផ្ទុយពីការសម្រេចរបស់ចៅក្រម Lucy Koh។
Galaxy Nexus គឺជាស្រឡាយ smartphone Android លំដាប់ខ្ពស់របស់ Google ត្រូវបានបង្កើតឡើងដើម្បីប្រជែងជាមួយ Apple iPhone និង smartphone របស់ HTC។ វាគឺជាទូរស័ព្ទដំបូងដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android 4.0 Ice Cream Sandwich ហើយនៅក្នុងរយៈពេល ៧ខែខាងមុខវានឹងក្លាយជាឧបករណ៍ដំបូងដែលប្រើប្រាស់ Android 4.1 Jelly Bean ។
នៅក្នុងកិច្ចប្រជុំ Google I/O កន្លងទៅ Google បានជូនអំណោមជា Galaxy Nexus ចំនួន ៦,០០០គ្រឿងដល់ក្រុមអ្នកអភិវឌ្ឍន៍ និងអ្នកដែលបានចូលរួមក្នុងព្រឹតិការណ៍នោះផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing