បុរសពីរនាក់កាន់កាំបិត ចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង ក្នុងវិហារមួយកន្លែង នៅភាគខាងជើងប្រទេសបារាំង។
ទូរទស្សន៍ BFM TV ចេញផ្សាយថា ចំណាប់ខ្មាំងរួមមាន អាចារ្យម្នាក់ បព្វជិតជាស្ដ្រីពីរនាក់ និងបរិស័ទពីរនាក់។ ប្រភពពីនគរបាលឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងវិហារមួយ ក្នុងតំបន់ Saint Etienne du Rouvray ក្បែរក្រុង Rouen ភាគខាងជើងប្រទេសបារាំង។ ជនសង្ស័យ ប្រើប្រាស់កាំបិទក្នុងការចាប់ជាចំណាប់ខ្មាំងនេះ។

អាចារ្យម្នាក់ត្រូវបានសម្លាប់ក្នុងករណីនេះ
រូបភាពនៅលើទូរទស្សន៍ បង្ហាញថា នគរបាលបានឡោមព័ទ្ធតំបន់កើតហេតុជុំវិញវិហារ ចំណែករថយន្តសង្គ្រោះបន្ទាន់ ក៏បានទៅដល់កន្លែងកើតហេតុ។
សមត្ថកិច្ច ឱ្យដឹងថា យ៉ាងហោចមានចំណាប់ខ្មាំងម្នាក់បានស្លាប់ក្នុងករណីខាងលើ។ ជនរងគ្រោះគឺជាអាចារ្យ ត្រូវបានជនសង្ស័យប្រើកាំបិទកាត់ក។ ចំណែកចំណាប់ខ្មាំងម្នាក់ទៀត កំពុងមានសភាពធ្ងន់ធ្ងរ។
ជនដៃដល់ពីរនាក់ ត្រូវបាននគរបាលបាញ់សម្លាប់។ បច្ចុប្បន្ន គេនៅមិនទាន់ដឹងអំពីក្បាលម៉ាស៊ីននៃការវាយប្រហារនេះនៅឡើយ។ ប៉ុន្តែ អង្គភាពប្រឆាំងភេរវកម្ម កំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះ។ យ៉ាងនេះក្ដី ប្រធានាធិបតីបារាំងថ្លែងថា អំពើនេះ មានជាប់ទាក់ទឹននឹងក្រុមភេរវកម្ម ISIS។

ប្រធានាធិបតីបារាំង កំពុងស្ថិតនៅក្នុងតំបន់កើតហេតុ
ប្រធានាធិបតីបារាំង Francois Hollande និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ Bernard Cazeneuve បានមកដល់កន្លែងកើតហេតុ នេះបើតាមទំព័រ AFP។
ហេតុការណ៍ខាងលើនេះ បានកើតឡើង ចំពេលដែលប្រទេសបារាំង កំពុងប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានហេតុការណ៍បើកឡានដឹកទំនិញ ទៅបុកហ្វូងមនុស្សដែលកំពុងអបអរបុណ្យឯករាជជាតិបារាំង នៅក្រុង Nice បណ្ដាលឱ្យមានមនុស្សស្លាប់ ៨៤នាក់ និងជាង ៣០០នាក់ផ្សេងទៀងរងរបួស។
ប្រែសម្រួល ៖ បុត្រា