ក្រុមអ្នកហោះហើរចំនួន៣នាក់នៅលើឧទ្ធម្ភាគចក្រយោធារបស់កូរ៉េខាងត្បូងបានបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់នៅលើសមុទ្រក្នុងពេលហ្វឹកហាត់រួមជាមួយអាមេរិក កាលពីល្ងាចម្សិលមិញដើម្បីគំរាមដល់កូរ៉េខាងជើង។

ឧទ្ធម្ភាគចក្រ Lynx មួយគ្រឿង របស់កូរ៉េខាងត្បូង
សារព័ត៌មាន AFP ដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិកូរ៉េខាងត្បូងឱ្យដឹងថា ឧទ្ធម្ភាគចក្រ Lynx ដែលចូលរួមក្នុងការហ្វឹកហាត់រួមរវាងអាមេរិក កូរ៉េខាងត្បូង បានធ្លាក់កាលពីម្សិលមិញ ក្រោយពីហោះហើរពីនាវាចម្បាំងមួយគ្រឿងនៅលើតំបន់សមុទ្រជប៉ុន។ នៅមុនពេលធ្លាក់ ឧទ្ធម្ភាគចក្រនេះបានបញ្ជូនសារបន្ទាន់មួយទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យ។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ឧទ្ធម្ភាគចក្រអាចនឹងបានធ្លាក់ចូលទៅក្នុងសមុទ្រ ហើយការស្វែងរក និងជួយសង្គ្រោះ កំពុងត្រូវបានធ្វើឡើង ដោយសារតែក្រុមអ្នកហោះហើរទាំង៣នាក់ នៅតែបាត់ខ្លួន។
ការសមយុទ្ធរួមដែលត្រូវបានធ្វើឡើងកាលពីម្សិលមិញគឺជាសកម្មភាពបង្ហាញសាច់ដុំថ្មីបំផុតរបស់កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង ដើម្បីគំរាមដល់កូរ៉ខាងជើង ក្រោយពីក្រុងព្យុងយ៉ាងសាកល្បងអាវុធនុយក្លេអែរលើកទី៥ កាលពីដើមខែនេះ។

នាវាចម្បាំងរបស់កូរ៉េខាងត្បូង និងអាមេរិក
សមយុទ្ធដែលមានការចូលរួមរបស់នាវាដែលមានផ្ទុកកាំជ្រួច USS Spruance យន្ដហោះល្បាត P-3 របស់អាមេរិក រួមនឹងនាវាចម្បាំងកូរ៉េខាងត្បូង ក្លែងធ្វើជាវាយប្រហារទៅលើកងទ័ពកូរ៉េខាងជើង និងទប់ស្កាត់នាវាមុជទឹក នេះបើតាមទំព័រ Yonhap។ កាលពីដើមសប្ដាហ៍នេះ បណ្ដាយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ក៏ហោះហើរនៅលើអាកាសរបស់កូរ៉េខាងត្បូង ក្នុងសកម្មភាពមួយដើម្បីគំរាមដល់ក្រុងព្យុងយ៉ាងផងដែរ។
ប្រែសម្រួល ៖ តារាប្រភព ៖ RT/Dailymail