រយៈពេល ៤ឆ្នាំទៀត Rolls-Royce នឹងបញ្ចេញម៉ូដែលកប៉ាល់គ្មានមនុស្សបើក ដែលមានបំពាក់បច្ចេកវិទ្យាទំនើបបំផុត ហើយនេះត្រូវបានគេចាត់ទុកថា ជានាវាគ្មានមនុស្សបើកដំបូងគេក្នុងលោក។

Oskar Levander អគ្គនាយករងទទួលបន្ទុកផ្នែកនាវាចរណ៍របស់ Rolls-Royce ឱ្យដឹងថា បណ្ដានាវាអនាគត នឹងត្រូវបានបញ្ជាពីចម្ងាយ ពីទីស្នាក់ការនៅដីគោក។ Oskar Levander បន្តថា បណ្ដាបច្ចេកវិទ្យាបច្ចុប្បន្ន អនុញ្ញាតឱ្យធ្វើបានដូច្នេះ។

បច្ចុប្បន្ន ការសាកល្បងទៅលើប្រព័ន្ធគ្រប់គ្រងនាវាគ្មានមនុស្សបើក ត្រូវបានធ្វើឡើងនៅហ្វាំងឡង់។ ក្រុមហ៊ុន Rolls-Royce ឱ្យដឹងថា ការសាកល្បងមុខងារសេនសឺរនានាទាក់ទិននឹងបញ្ហាអាកាសធាតុ ក៏កំពុងត្រូវបានធ្វើឡើង។
យ៉ាងនេះក្ដី Rolls-Royce ក៏បានទទួលស្គាល់ថា នៅមានការងារជាច្រើនដែលត្រូវបំពេញ ដូចជាការត្រួតពិនិត្យទៅលើសុវត្ថិភាព និងសន្តិសុខលើសមុទ្រ នៅពេលបញ្ជានាវាពីចម្ងាយជាដើម។

នាវាត្រូវតែទទួលបានការការពារពីការវាយប្រហារនានា។ នាវានេះ ត្រូវការកម្លាំងជំនាញមួយ ក្រុមដើម្បីការពារក្រុមហែកឃើរដែលមានបំណងវាយលុកចូលប្រព័ន្ធគ្រប់គ្រងនាវា។ Rolls-Royce កំពុងតែធ្វើការទាំងអស់នេះ។

សំនួរដែលត្រូវលើកឡើងនៅពេលនេះ នោះគឺថា តើហេតុអ្វីគេចាំបាច់ត្រូវការនាវាគ្មានមនុស្សបើក? ចម្លើយគឺថា នៅពេលនាវាមួយគ្រឿងដែលមាននាវិកច្រើនសិបនាក់ គឺមានន័យថា គេត្រូវការបន្ទប់ ឬកន្លែងច្រើនសម្រាប់នាវិកទាំងនោះ ប៉ុន្តែបើសិនមិនមាននាវិក បន្ទប់ទាំងនោះនឹងត្រូវបានគេយកមកដាក់ទំនិញ ដូច្នេះវាអាចរកចំណូលបន្ថែមបានច្រើន៕
ប្រែសម្រួល ៖ បុត្រា