នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Tesla លោក Elon Musk  បានសរសេរ នៅក្នុងសារអ៊ីម៉ែល ផ្ញើទៅកាន់បុគ្គលិកថា៖” ក្រុមហ៊ុន Tesla បានរីកចម្រើនលូតលាស់ជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលជាលទ្ធផលធ្វើឱ្យនាទី និងមុខតំណែងមួយចំនួន មានភាពត្រួតគ្នា។ ខណៈមុខតំណែង និងតួនាទីទាំងនោះ អាចទទួលយកបាននៅពេលអតីត ប៉ុន្ដែពិបាកនឹងធ្វើឱ្យស៊ីសង្វាក់គ្នានាពេលបច្ចុប្បន្ន”។

លោកបន្ថែមថា៖”វាជាបញ្ហាដ៏ពិបាកសម្រាប់យើង ក្នុងការសម្រេចចិត្ដ ដូច្នេះ យើងនឹងមិនធ្វើបែបនេះទៀតឡើយនៅពេលអនាគត”។

លោកបន្ដថា៖”ការរំសាយបុគ្គលិកនេះ​ ប៉ះពាល់តែបុគ្គលិកស៊ីប្រាក់ខែប៉ុណ្ណោះ ដោយវាមិនប៉ះពាល់ដល់ផ្នែកផលិតរថយន្ដ Model 3 ឡើយ ក៏ព្រោះតែបុគ្គលិកផ្នែកផលិតកម្ម មិនត្រូវបានរំសាយនោះទេ។ ក្រុមហ៊ុន Tesla នៅបន្ដរើសបុគ្គលិកកាន់មុខតំណែងសំខាន់ៗជាច្រើនទៀត ហើយនឹងបង្កើនចំនួនបុគ្គលិកផ្នែកផលិតកម្មរបស់ខ្លួន។

ក្រុមហ៊ុនផលិតរថយន្ដប្រើចរន្ដអគ្គិសនីនេះ ប្រាថ្នាឱ្យការផលិតរថយន្ដ Model 3 ទទួលបានជោគជ័យ ជាជម្រើស ដែលខ្លួនមានលទ្ធភាពចំណាយ។

/

ការផលិតរថយន្ដ Model 3 បានជាប់គាំង នៅរដូវស្លឹកឈើជ្រុះ ដែលបណ្ដាលឱ្យភាគទុនិក ប្តឹងប្ដល់ក្រុមហ៊ុននេះ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Tesla បានចាប់ផ្ដើមការផលិតរថយន្ដ Model 3 នេះឡើងវិញ។ កាលពីសប្តាហ៍មុន លោក Musk បានថ្លែងថា ក្រុមហ៊ុន Tesla នឹងឈានសម្រេចគោលដៅរបស់ខ្លួន ក្នុងការផលិតរថយន្ត Model 3 ឱ្យបានចំនួន ៥០,០០០ គ្រឿងក្នុងមួយសប្តាហ៍ នៅចុងខែនេះ។

បណ្ដាវិនិយោគិន មានចិត្ដសោមនស្សរីករាយ ចំពោះការវិលត្រឡប់មកផលិតរថយន្ដ Model នេះវិញ។ គិតត្រឹមថ្ងៃអង្គារ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង ៤០%ពីកម្រិតទាបក្នុងរយៈពេល ៥២ សប្តាហ៍ ដែលបានកើតឡើងកាលពីខែមេសាមក។ ការធ្លាក់តម្លៃភាគហ៊ុននេះ បានធ្វើឱ្យខាតបង់ផលចំណេញខ្លះ បន្ទាប់ពីព័ត៌មាននៃការរំសាយបុគ្គលិក។

លោក Musk បានពន្យល់ថា ការកាត់មុខតំណែងចេញខ្លះនេះ គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ហើយការរំសាយបុគ្គលិកទៀតសោត នឹងជួយកាត់បន្ថយការចំណាយ ហើយនឹងធ្វើឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណេញ។

លោកបានកត់សម្គាល់ថា ក្រុមហ៊ុន Tesla មិនដែលទទួលបានប្រាក់ចំណេញប្រចាំឆ្នាំនោះទេ ដែលចំណុចនេះ ធ្វើឱ្យកើតមានឡើងនូវការរិះគន់។ លោកបានសរសេរក្នុងលិខិតថា៖ យើងនឹងមិនអាចសម្រេចបាននូវបេសកកម្មរបស់យើងបានឡើយ ដរាបណា យើងមិនបង្ហាញថា យើងអាចទទួលបានប្រាក់ចំណេញបានយូរអង្វែងទេនោះ។

លោក Musk បាននិយាយ នៅក្នុងលិខិតថា៖ ការនិយាយថាលា វាជារឿងពិបាកធ្វើណាស់។ លោកបានបន្ថែមថា៖ បុគ្គលិកដែលរងផលប៉ះពាល់នឹងទទួលបាន«ប្រាក់បៀវត្សរ៍ និងភាគហ៊ុនយ៉ាងច្រើន»ដែលសមាមាត្រទៅនឹងពេលវេលា ដែលពួកគេបានបម្រើការងារជូនក្រុមហ៊ុន ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ money.cnn