ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស ទួរគី Recep Tayyip Erdogan បានសម្រេចធ្វើការ សុំអភ័យទោស ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះយោធា ប្រទេស រុស្ស៊ី កាលពីពេលកន្លងទៅ នេះនៅឯព្រំប្រទល់ដែនប្រទេសទួរគី-ស៊ីរី នេះបើយោងតាមសេចក្តីរាយការណ៍ពីវិមាន Kremlin ។ 

/

លោក Erdogan បានសរសេរសារលិខិត និងផ្ញើទៅឲ្យប្រធានាធិបតីប្រទេស រុស្ស៊ី Vladimir Putin ដោយបញ្ជាក់យ៉ាងច្បាស់ពី ទឹកចិត្តអាណិតនិងអាសូរ ក៏ដូចជា មរណៈទុក្ខដ៏ក្រៀមក្រំ បំផុត ទៅកាន់ក្រុមគ្រួសារពីលុត ដែលបានបាត់បង់សមាជិកគ្រួសារ  គួរបញ្ជាក់ផងដែរថា កាល ពីអំឡុងខែវិច្ឆិកា ចុងឆ្នាំ ២០១៥ កន្លងទៅនេះ ទួរគីបានធ្វើឲ្យប្រទេសរុស្ស៊ី មានការខឹងច្រឡោត ជាខ្លាំងពាក់ព័ន្ធនឹងការមិនទទួលកំហុសថាខ្លួនពិតជាបានបាញ់យន្តហោះទម្លាក់ ក៏ដូចជា ការ មិនទទួលយកការសុំអភ័យទោសជាដើម ។ ជាលទ្ធផល រុស្ស៊ីឆ្លើយតបជាមួយនឹងចំណាត់ការ ជាក់ស្តែង ដោយដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងផ្អាករាល់កញ្ចប់ដំណើរកំសាន្តទេសចរណ៍ទៅ កាន់ប្រទេស ទួរគី ។ លោក ពូទីន គូសបញ្ជាក់យ៉ាងច្បាស់ឲ្យដឹងថា ការដាក់ទណ្ឌកម្ម នឹងប្រែ មកសភាពដើមវិញ ល្គិកណា រុស្ស៊ី ទទួលបានការសុំអភ័យទោស ពីប្រទេស ទួរគី ជាមុនសិន​។ 

អ្នកនាំពាក្យឲ្យវិមាន Kremlin លោក Dmitry Peskov គូសបញ្ជាក់ឲ្យដឹងថា Erdogan ស្តែងឲ្យ ឃើញនូវសារសុំអភ័យទោសជាមួយនឹងសណ្តានចិត្ត សោកស្តាយជាខ្លាំង ទៅលើ អ្វីដែលបាន កើតឡើង ខណៈ ប្រធានាធិបតី ប្រទេស ទួរគី ទទូចចង់ស្តារទំនាក់ទំនងប្រទេសទាំងពីរឡើង វិញ ។ ទោះជាយ៉ាងណាក៏ដោយចុះ ពុំទាន់មានការឆ្លើយតបណាមួយ ពីសមភាគីប្រទេសរុស្ស៊ី នៅឡើយ ពាក់ព័ន្ធនឹងការដឹងកំហុស សុំអភ័យទោស លើកនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី