យ៉ាងហោច​ណាស់ មានមនុស្ស​ចំនួន ៧នាក់បាន​ស្លាប់ និង ៨នាក់ផ្សេង ទៀត​រងរបួស ក្នុងករណីធ្លាក់​ឧទ្ធម្ភាគចក្រ​យោធាមួយគ្រឿង​នៅឯតំបន់ ភាគឦសាននៃប្រទេស​ទួគី។

សេចក្ដីប្រកាស​ពី​ក្រសួង​ការពារជាតិ​ទួគី បានឱ្យដឹង​ថា ឧទ្ធភាគចក្រ Sikorsky បានធ្លាក់ ខណៈត្រឡប់មកពី​ខែត្រ Giresun បន្ទាប់ពី​បាន​ចុះទៅ​សួរសុខទុក្ខ​ទាហាន​នៅមូលដ្ឋាន។ ទីភ្នាក់សារព័ត៌មាន Anadolu ដកស្រង់សេចក្ដីប្រកាស​ឱ្យដឹងដែរ​ថា “ទាហាន​ចំនួន ៧នាក់បានស្លាប់ និង​ ៨នាក់ផ្សេងទៀត រងរបួស ប៉ុន្តែ ភ្លាមនោះពួកគេ​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​”។

/

ជនរងគ្រោះក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ​ ត្រូវបានបញ្ជូនមកកាន់មន្ទ្រីពេទ្យ​ ក្រោមការ​ការពារ​ពីកម្លាំងប្រដាប់អាវុធ

បច្ចុប្បន្ន មូលហេតុ​នៃការធ្លាក់ឧទ្ធម្ភាគចក្រ​នេះ​មិនទាន់ត្រូវបានគេ​រកឃើញនៅឡើយ​ ប៉ុន្តែ ឧបនាយករដ្ឋមន្ត្រី​ Nurettin Canikli យល់ថា ការធា្លក់នេះ អាចបណ្ដាលមកពី​មេឃចុះអ័ព្ទ និង​អាកាសធាតុ​មិនល្អ។ លោកក៏បានបដិសេធថា មិនមែនជា​ការវាយប្រហារ​ណាមួយ​ពីក្រុម​ឧទ្ទាម នោះទេ​​ ថ្វីបើ​កង​ទ័ព​ទួគី កំពុងតែ​ប្រយុទ្ធ​នឹង​ក្រុមឧទ្ទាម​ Kurd នៅ​ភាគអាគ្នេយ៍នៃប្រទេស​នេះ ក៏ដោយ​។

ក្នុងចំណោមអ្នកដែលបានស្លាប់ ក៏​មាន​ឧត្តមសេនីយ៍​ម្នាក់ផងដែរ ប៉ុន្តែ សមត្ថកិច្ច មិនទាន់ប្រកាស​ឱ្យដឹង​អំពីអត្តសញ្ញាណរបស់មន្ត្រីរូបនេះ​នៅឡើយ​។

/

ឧទ្ធម្ភាគចក្រ​យោធាធ្លាក់​នៅឯតំបន់ ភាគឦសាននៃប្រទេស​ទួគី

សូមបញ្ជាក់ថា មុនពេល​ធា្លក់ ឧទ្ធម្ភាគចក្រ​ខាងលើ ត្រូវបានគេ​ធ្វើការហោះហើរ​ទៅសួរ​សុខទុក្ខ​ទាហាន និងគ្រួ​សារ​របស់ពួកគេ​នៅ​ឯមូលដ្ឋាន បន្ទាប់ពី​រដូវ​បុណ្យ​ រ៉ាម៉ាដាន របស់សាសនិកអ៊ីស្លាម​បានបញ្ចប់៕

ប្រែសម្រួល ៖ បុត្រា