(អូស្ត្រាលី)៖ ប្រភេទត្រីបាឡែនពណ៌សដ៏កម្រ និងល្បីឈ្មោះបំផុតលើ​លោក humpback whale ត្រូវបានអ្នក ជិះទូកកម្សាន្តប្រទះឃើញ នៅក្នុងដែនទឹកភាគខាងជើង​ ប្រទេសអូស្ត្រាលី ជាទីដែលវាតែងតែចល័ត​មកលេងទឹក រៀងរាល់ឆ្នាំ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។

បាឡែនឈ្មោលពណ៌ស​ឈ្មោះ Migaloo ខាងលើនេះ ត្រូវបានគ្រប់គ្នាស្គាល់ និងចាប់អារម្មណ៍ខ្លាំងបំផុត​ ទៅលើ​ពណ៌ប្លែកពីគេរបស់វា ដែលរយៈពេលជាច្រើនឆ្នាំ​មកនេះ ត្រូវបានក្រុមអ្នកតាមដាន ត្រីបាឡែនទូទាំងពិភពលោក អះអាងថា ជាត្រីបាឡែនពណ៌សប្រភេទ humpback whale ដែលស្រស់ស្អាតជាងគេ​លើលោក។

នៅឆ្នាំ ២០១៦នេះ វាបានហែលមកកាន់តំបន់ ដែនទឹកនៃរដ្ឋ New South Wales ហើយសម្រាប់អ្នករស់នៅក្រុង ទេសចរណ៍ Byron Bay ក៏បានឃើញវត្តមាន​របស់ Migaloo ផងដែរ។ អ្នកស្រឡាញ់ត្រីបាឡែន​ជាច្រើននាក់ បាន​ប្រមូលផ្តុំគ្នាមកទស្សនាទិដ្ឋភាព ដ៏កម្របំផុត ដែលមានតែមួយឆ្នាំម្តងនេះ។

គួរបញ្ជាក់ថា Migaloo មានប្រវែង ១៤ម៉ែត្រ ធ្លាប់ត្រូវបានគេប្រទះឃើញ​ធ្វើដំណើរជាហ្វូង តែឥឡូវនេះបែរជាធ្វើ ដំណើរតែឯងទៅវិញ។ ប្រទេសអូស្ត្រាលី ត្រូវបានចាត់ទុក​ជាអ្នកអភិរក្សត្រីបាឡែន​គ្រប់ប្រភេទ ជាពិសេសប្រភេទ កម្រដែលជិត​នឹងផុតពូជ៕

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង