ក្រុមអ្នកវិទ្យាសាស្ដ្រ ទើបតែបានប្រកាសអំពីការសិក្សាស្រាវជ្រាវមួយបង្ហាញថា ព្រះចន្ទ ទីតាន(Titan) របស់ភពសៅរ៍ (Saturn) គឺជាកន្លែងមួយដ៏សមស្រាបដើម្បីកកើតសភាវមានជីវិតក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្សលោក។

ព្រះចន្ទ ទីតាន (Titan) របស់ភពសៅរ៍ មានចំនុចពិសេសប្រហាក់ប្រហែលនឹងផែនដី
ព្រះចន្ទ ទីតាន របស់ភពសៅរ៍ គឺជាកន្លែងដែលក្រុមអ្នកវិទ្យាសាស្ដ្រមានក្ដីសង្ឃឹមថា អាចនឹងរកឃើញសភាវមានជីវិតរបស់មនុស្សភពផ្កាយក្នុងប្រព័ន្ធព្រះអាទិត្យ។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានឱ្យដឹងថា នៅលើផ្ទៃខាងលើរបស់ព្រះចន្ទ ទីតាន មានសារធាតុគីមីជាច្រើន ដែលសមស្របក្នុងការកកើតសភាវមានជីវិត បើទោះនៅទីនេះ មិនមានទឹកដ៏ដោយ។
ទំព័រ Gizmodo ឱ្យដឹងថា ព្រះចន្ទ ទីតាន របស់ភពសៅរ៍ មានទំហំធំជាងភពពុធ (Mercury) ទៅទៀត។ ទីតាន ក៏ត្រូវបានគេដឹងថា ជាព្រះចន្ទធំជាងគេបង្អស់ក្នុងចំណោមព្រះចន្ទចំនួន ៦០របស់ភពសៅរ៍។ ផ្ទៃខាងលើរបស់ ទីតាន បច្ចុប្បន្ន មានស្នាមដានរបស់ទន្លេ បឹង និងភ្លៀង។ នៅលើភពសៅរ៍ មានសមុទ្រធាតុមេតានមួយដែលមានវដ្តប្រហាក់ប្រហែលនឹងវដ្ដរបស់ទឹកនៅលើផែនដី ប្រការនេះហើយធ្វើឱ្យអ្នកវិទ្យាសាស្ដ្រវាយតម្លៃថា ទីតាន គឺជាកន្លែងសមស្របមួយក្នុងការកកើតសភាវមានជីវិត។
នៅក្នុងការសិក្សាស្រាវជ្រាវមួយដែលទើបត្រូវបានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវ Martin Rahm ឱ្យដឹងថា ភូមិសាស្ដ្រ និងរចនាសម្ព័ន្ធធាតុដីនៅលើព្រះចន្ទ ទីតាន អាចនឹងមានផ្ទុកនូវធាតុគីមីដែលនាំឱ្យមានការកកើតសភាវមានជីវិត។ ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងផ្ដោតការយកចិត្តទុកដាក់ក្នុងការស្វែងរកភ័ស្ដុតាងអំពីវត្តមានរបស់ធាតុទាំងនេះ។
ដោយការប្រើប្រាស់រូបមន្តនៅលើកុំព្យូទ័រ ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសកលវិទ្យាល័យ Cornell បានរកឃើញថា ធាតុគីមីមួយប្រភេទនៅលើផ្ទៃខាងលើរបស់ព្រះចន្ទ ទីតាន ដែលត្រូវបានគេហៅថា hydrogen cyanide អាចនឹងបានរួមចំណែកក្នុងការកកើត បណ្ដាសារធាតុ polymer ហើយក្នុងចំណោមនេះ មានធាតុមួយដែលគេហៅថា polyimin។ បើទោះជាអាកាសធាតុនៅលើព្រះចន្ទ ទីតាន ត្រជាក់ខ្លាំង ប៉ុន្តែធាតុគីមី polyimin ក៏នៅតែអាចធ្វើឱ្យមានប្រតិកម្មគីមីកើតឡើង នៅពេលវាទទួលបានកំដៅព្រះអាទិត្យ។
អ្នកស្រាវជ្រាវ Martin Rahm ដែលធ្វើការនៅក្នុងមន្ទីរពិសោធរបស់ Roald Hoffmann ដែលជាម្ចាស់ជ័យលាភីរង្វាន់ Nobel ឆ្នាំ ១៩៨១ ស្ដីអំពីគីមីធាតុ និងសាស្ដ្រាចារ្យ Frank H.T. Rhodes មកពីមន្ទីរ Humane Letters Emeritus ឱ្យដឹងថា “ធាតុ Polyimin អាចនឹងមានវត្តមានជារចនាសម្ព័ន្ធខុសៗគ្នា ហើយវាក៏អាចប្រតិកម្មនៅក្នុងអាកាសធាតុត្រជាក់” ។
នៅក្នុងសេចក្ដីប្រកាសមួយដែលបានចុះផ្សាយនៅលើទំព័រកាសែត អ្នកស្រាវជ្រាវ Martin Rahm ក៏បានឱ្យដឹងដែរថា ពួកគេត្រូវការការវិភាគនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវបន្តទៀត ដើម្បីស្វែងយល់អំពីរូបមន្តនៃការប្រែប្រួលតាមពេលវាលារបស់ធាតុគីមីខាងលើ។ លោកបន្តថា បើសិនគេរកឃើញភ័ស្ដុតាងបង្ហាញអំពីវត្តមានរបស់ធាតុដែលអាចកកើតជីវិតនាពេលខាងមុខ នោះវាគឺជាដំណឹងក៏ល្អមួយ។
ប្រែសម្រួល ៖ បុត្រា