ប្រជាជនវៀតណាមប្រហែល ៥០០០នាក់ បានចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសវៀតណាម ហើយរស់នៅក្នុងតំបន់បឹង យ៉ុវតៀន នៃខែត្រតៃណិញ ប្រទេសវៀតណាម។ ប្រជាជនទាំងនេះ បានប្រើប្រាស់ទូកផ្ទាល់ខ្លួន ធ្វើដំណើរចាកចេញពីកម្ពុជា ហើយបច្ចុប្បន្ន ពួកគេរស់នៅលើទូកទាំងនោះ នៅវៀតណាម។

/

ជនជាតិវៀតណាម នៅបឹងទន្លេសាប

ព័ត៌មាននេះ ត្រូវបានកាសែត Vietnamnet ភាសាអង់គ្លេសចេញផ្សាយកាលពីថ្ងៃទី ២៩សីហា ដោយសង្កត់ធ្ងន់ថា ក្នុងចំណោមប្រជាជនទាំងនេះ មានតែ ២០នាក់ប៉ុណ្ណោះ ត្រូវបានអាជ្ញាធរវៀតណាមចេញលិខិតទទួលស្គាល់ថាជាជនជាតិវៀតណាម។

ភាគច្រើននៃប្រជាជនវៀតណាមខាងលើ មានមុខរបរជាអ្នកនេសាទត្រីនៅបឹងទន្លេសាបរបស់កម្ពុជា។ មានមូលហេតុពីរយ៉ាងដែលនាំឱ្យជនជាតិវៀតណាមទាំងនេះ ត្រឡប់ទៅស្រុកកំណើតវិញ។ ទីមួយគឺពួកគេមិនអាចចូលចុះក្នុងសង្គមកម្ពុជា ព្រោះថា ពួកគេភាគច្រើនមិនចេះស្ទាត់ភាសាខ្មែរ និងទីពីរនោះគឺ បឹងទន្លេសាប កាន់តែរាក់ទៅៗ ធ្វើឱ្យពួកគេពិបាករកត្រីជាងមុន។សារព័ត៌មាន RFA ភាសាវៀតណាម បានឱ្យដឹងថា កុមារជនជាតិវៀតណាមដែលរស់នៅលើបឹងទន្លេសាប ភាគច្រើន មិនបានចូលសាលារៀន ហើយមួយចំនួន ខ្វះអាហារូបត្ថម្ភ។

ជនជាតិវៀតណាមដែលវិលទៅកាន់ប្រទេសកំណើតខ្លួន បានប្រាប់សារព័ត៌មានវៀតណាមថា ពួកគេស្នើសុំអាជ្ញាធរវៀតណាម ចេញលិខិតបញ្ជាក់ថា ពួកគេជាជនជាតិវៀតណាម ដើម្បី ងាយស្រួលទៅសុំការងារធ្វើ។

លោក ង្វៀន ថាញ់ង៉ុក អនុប្រធានគណកម្មធិការប្រជាជនខែត្រតៃណិញ ថ្លែងថា ក្រសួងយុត្តិធម៌នឹងចេញសេចក្ដីណែនាំពិសេសមួយសម្រាប់ប្រជាជនដែលបានវិលត្រឡប់មកស្រុកកំណើត។

ចំណែកលោក វឿង ឌិញហ្វែ ឧបនាយករដ្ឋមន្ដ្រីវៀតណាម និយាយថា វៀតណាមត្រូវតែគ្រប់គ្រងឱ្យបានតឹងរឹងនៅតំបន់ព្រំដែលកម្ពុជា ខណៈដែលក្រសួងការបរទេសវៀតណាម កំពុងតែធ្វើការជាមួយអាជ្ញាធម៌កម្ពុជាដើម្បីស្វែងរកវិធីលើកកំពស់ជីវភាពរបស់ជនជាតិវៀតណាមដែលរស់នៅកម្ពុជា។

ប្រែសម្រួល ៖ តារាប្រភព ៖ FRA/ Vietnamnet