ស្ត្រីជនជាតិចិនម្នាក់ ដែលបានហែកព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ ត្រូវបាននគរបាលបញ្ជូនដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែតុលានេះ។
ស្ត្រីជនជាតិចិន ដែលជាអ្នកគ្រប់គ្រងរោងចក្រកាត់ដេរ ឈ្មោះ TOP WORLD ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ដែលបានហែករូបថតព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ និងត្រូវបានអាជ្ញាធរឃាត់ខ្លួននាព្រឹកថ្ងៃទី២២ ខែតុលា កន្លងទៅ ត្រូវបានចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ដែលបានកំណត់ថា អង្គអតីតព្រះមហាក្សត្រ មិនអាចរំលោភបានឡើយ។
ប្រភពពីកម្មករ កម្មការិនីរោងចក្រ និងអាជ្ញាធរ បានឲ្យដឹងថា នៅក្នុងរោងចក្រ ស្ត្រីជនជាតិចិននោះបានដណ្តើមយករូបព្រះឆាយាល័ក្ខណ៍ពីកម្មករ កម្មការិនី ដែលកំពុងកាន់យកចូលទៅក្នុងរោងចក្រ ហើយហែកចោល ទើបធ្វើឲ្យកម្មកររាប់រយនាក់ផ្ទុះកំហឹងតវ៉ា និងទាមទារឲ្យទៅសុំទោស និងកោរសក់ចំពោះទង្វើប្រមាថលើព្រះមហាវីរក្សត្រដូច្នេះ។ បន្ទាប់មក ស្ត្រីជនជាតិចិននោះត្រូវបានប៉ូលិសដាក់ខ្នោះ ហើយលុតជង្គង់ ថ្វាយបង្គំសូមទោសចំពោះមុខព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ នៅមុខរោងចក្រកាត់ដេរ ស្ត្រីជនជាតិចិនរូបនេះ បច្ចុប្បន្នត្រូវបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ ដើម្បីកាត់ទោសតាមច្បាប់។
សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុន ស្ត្រីជនជាតិថៃម្នាក់ បម្រើការផ្នែកព័ត៌មាន នៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃ ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំង ហើយនាងក៏បានសូមខមាទោសចំពោះកំហុសអចេតនារបស់ខ្លួន ខណៈកំពុងផ្សាយព័ត៌មាននៅមុខព្រះបរមរាជវាំង ដែលពេលនោះ នាងបានដាក់ព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ នៅក្បែរជើង។ ប៉ុន្ដែបើធៀបនឹងកំហុសរបស់ស្ដ្រីជនជាតិថៃ គេជឿថា ស្ដ្រីជនជាតិចិន មានកំហុសធំជាងច្រើនណាស់៕
ដោយ ៖ សូរីយ៉ា