កណ្តាលៈ សិស្ស៣នាក់ ក្នុងចំណោម សិស្ស សាលាបឋមសិក្សា ប៊ុនរ៉ានីហ៊ុនសែន ព្រែកសំរោង ចំនួន១១នាក់ បានរងរបួស ជាទម្ងន់ បន្ទាប់ពីត្រូវ រថយន្តដឹកទំនិញ មួយគ្រឿង បុករះនៅ ផ្លូវលេខ២១ ចំណុច គីឡូម៉ែត្រ៦-៧ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ខណៈពួកគេ ជិះលើ រ៉ឺម៉កម៉ូតូ ទៅសាលារៀន ។
យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ក្មេងដែលរងរបួស ០៣នាក់នោះ រួមមាន សុំ គឹមសាន អាយុ១០ឆ្នាំ, គឹម ប៉េងហាង អាយុ១៥ឆ្នាំ,ឡេង សុធា អាយុ១២ឆ្នាំ ដែលពួកគេ រស់នៅ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ជាមួយគ្នា ត្រូវបានគេបញ្ជូន ភ្លាមៗ ទៅកាន់ មន្ទីរពេទ្យ ដោយ២នាក់ បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យជ័យជំនះ និង ម្នាក់ទៀត បញ្ជូនទៅព្យាលបាល មន្ទីរពេទ្យ កាល់ម៉ែត្រ បន្ទាប់ពីកើតហេតុ ។
សេចក្តីរាយការណ៍ ឱ្យដឹងទៀតថា ករណីនេះ បង្កដោយ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ 3A-0635 ប្រភេទដឹកទំនិញ ដែលបើកដោយឈ្មោះ ម៉ែន ឃាង ភេទបុ្រស អាយុ២៥ឆ្នាំ មុខរបរបើករថយន្ត ដឹកទំនិញ រស់នៅភូមិ-ឃុំកោះខែល ស្រុកស្អាង បានដឹកជីពីជ្រៃធំ ស្រុកកោះធំ មកក្រុងតាខ្មៅ។
ប្រភពខាងលើ រៀបរាប់ថា ដំបូងឡើយ រថយន្តបានបើកលឿន តាមផ្លូវលេខ២១ ក្នុងទិសដៅ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តបាន ដាច់កង់មុខ ចំហៀងខាងឆ្វេង បណ្តាលឲ្យ រអិលកោសថ្នល់ជ្រុលទៅប៉ះរ៉ឺម៉កម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម-ខៀវ គ្មានស្លាកលេខ បើកដោយឈ្មោះ មួន រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់រ៉ឺម៉ករស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលដែលកំពុងធ្វើ ដំណើរពីជើង ទៅត្បូងដែរនោះ ធ្វើឱ្យរ៉ឺមកដឹកសិស្សនេះដួល របួសក្មេង៣នាក់ តែម្តង ។
បន្ទាប់ពីត្រួតពិនិត្យ ម៉ូតូអូរ៉ឺម៉ក និងរថយន្តពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច ដឹករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្អាង ហើយក៏បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ដើម្បីរង់ចាំការដោះស្រាយ ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល