ទិន្នន័យរបស់គណនី Yahoo ចំនួន ៥០០លាន ត្រូវបានក្រុមហែកឃើរ (hacker) លួចយកកាលពីឆ្នាំ ២០១៤។ អ្នកប្រើប្រាស់ត្រូវធ្វើបែបណាដើម្បីការពារទិន្នន័យក្នុងគណនីរបស់ខ្លួន?

ព័ត៌មានស្ដីអំពីការវាយប្រហារតាមអ៊ីនធឺរណែត ដែលលួចយកគណនី Yahoo របស់អ្នកប្រើប្រាស់ចំនួន ៥០០លានគណនីកាលពីឆ្នាំ ២០១៤ ត្រូវបានប្រកាសឱ្យដឹង ហើយទិន្នន័យដែលត្រូវបានលួចរួមមានឈ្មោះ អ៊ីម៉េល លេខសម្ងាត់ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងបណ្ដាចម្លើយសម្រាប់សំនួរសុវត្ថិភាពនៃគណនី។

/

ក្រុមហ៊ុន Yahoo ឱ្យដឹងថា ខ្លួនកំពុងធ្វើការត្រួតពិនិត្យនូវទិន្នន័យកាតទូទាត់ប្រាក់ គណនីធនាគារដែលដើរទន្ទឹមនឹងគណនី Yahoo ដើម្បីឱ្យដឹងថា វាត្រូវបានគេលួចដែរឬអត់ ដោយសារតែទិន្នន័យនេះត្រូវបានរក្សាទុកក្នុងប្រព័ន្ធដទៃ ខុសពីប្រព័ន្ធដែលត្រូវបានលួច។

* Yahoo មានទំព័រឆ្លើយតបទៅនឹងសំនួរទាក់ទឹនឹងការវាយប្រហារដែលលួចយកគណនីចំនួន ៥០០លាន នៅទីនេះ https://help.yahoo.com/kb/account/SLN27925.html?impressions=true ។

បើសឹនអ្នកកំពុងប្រើប្រាស់គណនី Yahoo ដែលមានផ្ទុកទិន្ន័យសំខាន់ អ្នកគួរតែធ្វើទៅតាមការណែនាំខាងក្រោម ៖

១. ប្ដូរសំនួរ និងចម្លើយសម្ងាត់។ ដោយសារតែទិន្នន័យនេះត្រូវបានលួចយករួមជាមួយនឹងគណនី ដូច្នេះ ក្រុមហែកឃើរអាចនឹងប្រើប្រាស់សំនួរសម្ងាត់ដើម្បីរកលេខកូដសម្ងាត់ថ្មីរបស់អ្នក។

ចូរឡក់អ៊ីន https://login.yahoo.com/account/personalinfo រួចចូលទៅកាន់ Account Security ជ្រើសរើស Disable security questions ។

២. ប្ដូរលេខកូដសម្ងាត់នៃគណនី Yahoo។ នៅក្នុងផ្នែក Account Security ចូរជ្រើសរើស Change password ដើម្បីប្ដូរលេខកូដសម្ងាត់។ អ្នកត្រូវប្ដូរលេខកូដសម្ងាត់ថ្មីទាំងស្រុង។

ក្រៅពីនេះ អ្នកត្រូវការប្ដូរលេខកូដសម្ងាត់របស់បណ្ដាគណនីដែលភ្ជាប់ជាមួយនឹងគណនី Yahoo ផងដែរ។

ប្រែសម្រួល ៖ បុត្រាប្រភព ៖ NSS