(ម៉ាឌ្រីដ)៖ កីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ Cristina Ronado បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ៣លានផោន ដល់ក្លឹប Chapecoense របស់ប្រេស៊ីល និងគ្រួសារនៃសពរបស់កីឡាករដែលជួបធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី ថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ។

តាមរយៈសារព័ត៌មាន Talkingbaws បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid នៃប្រទេសអេស្ប៉ាញ បានចូលរួមរំលែកទុក្ខ និងបរិច្ចាគផ្ទាល់ខ្លួនភ្លាមៗ ក្រោយទទួលបានដំណឹងដ៏តក់ ស្លុតមួយនេះ ក្នុងនាមអ្នកស្លាប់សុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពដូចគ្នានោះ។

Ronaldo បានសរសេរសាររំលែកទុក្ខនៅលើ Facebook របស់ខ្លួនថា «ពិតជាតក់ស្លុតខ្លាំងណាស់ ដែលហេតុការណ៍ អាក្រក់បានកើតឡើងចំពោះក្រុម Chapecoense។ សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព និងមិត្តភ័ក្រ្តរង ទាំងអស់សម្រាប់ក្លឹប និងកីឡាករប្រេស៊ីលផងដែរ»

សូមរំលឹកថា ជើងហោះហើរ LaMia Airlines Flight 2933 ដែលផ្ទុកអ្នកដំណើរភាគច្រើនថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករបាល់ទាត់ក្លឹប Chapecoense បាន​ហោះ​ចេញ​ពី​ប្រទេស​ប្រេ​ស៊ីល ហោះ​ត្រង់​ទៅ​ប្រទេសកូឡុំប៊ី តែដោយសារតែបញ្ហាអាកាសធាតុ និងបច្ចេកទេសបានធ្វើឲ្យយន្តហោះនេះធ្លាក់នៅតំបន់ភ្នំ ស្ថិតនៅក្បែរទីក្រុង Medelllin ប្រទេសកូឡុំប៊ី នាម៉ោង ៥៖០០នាទីល្ងាច ម៉ោងក្នុងតំបន់ ស្មើនឹង១១៖៣០នាទីថ្ងៃត្រង់ ម៉ោងនៅកម្ពុជា ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយបានសម្លាប់មនុស្ស ៧១នាក់ និងនៅរស់រាន្តមានជីវិត ៦នាក់ ក្នុងចំណោម ៧៧នាក់នៅលើយន្តហោះ៕

-ប្រវត្តិ​សំខាន់ៗ របស់​អតីត​ក្រុម​ខ្លាំង Chapecoense មុន​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​កូឡុំប៊ី

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង