កម្មវិធីអវកាសរបស់ក្រុងប៉េកាំង កំពុងមានគម្រោងចុះចតលើឋានព្រះចន្ទក្នុងឆ្នាំ ២០១៨ និងមានយានអវកាសទៅកាន់ភពព្រះអង្គារ មុនឆ្នាំ ២០២០។

ប្រទេសចិន កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លានូវកម្មវិធីអវកាស ជាមួយនឹងមហិច្ឆតាក្លាយជាមហាអំណាចអវកាសមួយក្នុងលោក។ ប្រទេសនេះ មានគម្រោងបញ្ជូនយានអវកាសទៅចុះចតនៅលើតំបន់ងងឹតរបស់ព្រះចន្ទ ក្នុងឆ្នាំ ២០១៨ និងមានយានអវកាសទៅកាន់ភពព្រះអង្គារ មុនឆ្នាំ ២០២០ នេះបើតាមទំព័រ CNN។

/

គំរូយានអវកាស​របស់​ចិន ចុះចតលើភពព្រះអង្គារ (រូបភាពឯកសារ)

គម្រោងខាងលើនេះ ត្រូវបានទីភ្នាក់ងារអវកាសចិន (NSA) ប្រកាសនៅក្នុងសន្និសីទមួយកាលពីថ្ងៃទី ២៧ធ្នូកន្លងទៅ។ Wu Yanhua អនុប្រធាន NSA ឱ្យដឹងថា យានដំបូងដែលនឹងទៅកាន់ភពព្រះអង្គាររបស់ប្រទេសចិន នឹងធ្វើការសិក្សាស្រាវជ្រាវនៅលើគន្លងគោចរ និងសិក្សាស្រាវជ្រាវលើផ្ទៃដីខាងលើរបស់ភពនេះ។ ភារកិច្ចបន្ទាប់គឺនាំយកគំរូដីរបស់ភពក្រហមនេះ។

ចិនក៏មានគម្រោងបាញ់បង្ហោះយានអវកាសទៅកាន់ភពព្រហស្បតិ៍ និងព្រះចន្ទរបស់វា។ Wu Yanhua និយាយថា “គោលដៅរបស់យើងខ្ញុំ គឺ ដល់ឆ្នាំ ២០២៣ ចិននឹងក្លាយជាមហាអំណាចក្នុងវិស័យអវកាសមួយរបស់ពិភពលោក”។

ប្រទេសចិន មានភាពយឺតយ៉ាវក្នុងការចូលរួមប្រកួតប្រជែងក្នុងវិស័យអវកាស។ ប្រទេសនេះបានបាញ់បង្ហោះផ្កាយរណបដំបូងកាលពីឆ្នាំ ១៩៧០ បន្ទាប់ពីអាមេរិកទទួលជោគជ័យក្នុងការបញ្ជូនមនុស្សឡើងឋានព្រះចន្ទ។

ការ​វិលត្រលប់​របស់​យានអវកាស និង​អ្នកអវកាសចិន កាលពីពេល​កន្លងទៅ

ចាប់ពីឆ្នាំ ២០០៣ ប្រទេសចិន មានសមត្ថភាពគ្រប់គ្រាន់ដើម្បី “ដើរ” នៅលើអវកាស បញ្ជូនយានមួយចុះចតនៅលើឋានព្រះចន្ទ និងបង្ហោះស្ថានិយអវកាសមួយឡើងទៅកាន់គន្លងគោចរ។ ក្នុងអំឡុងពេលនេះ ប្រទេសចិនក៏បានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាសដែលមានមនុស្សបើកចំនួន៥ ក្លាយជាប្រទេសទីបី បន្ទាប់ពីអាមេរិក និងរុស្ស៊ី ដែលមានលទ្ធភាពបញ្ជូនមនុស្សឡើងទៅកាន់អវកាស៕

ប្រែសម្រួល ៖ តារាប្រភព ៖ CNN