ប្រធានាធិបតីអាមេរិក Barack Obama និងគ្រួសារបានបង្ហាញខ្លួននៅក្នុងសំបុត្របុណ្យណូអែលចុងក្រោយនៃអាណតិកាលរបស់ខ្លួន ខណៈលោកជិតនឹងចាកចេញពីសេតវិមាននៅដើមឆ្នាំក្រោយនេះ។

នៅក្នុងសំបុត្របុណ្យណូអែលនោះ មានរូបថតរបស់លោក Barack Obama លោកស្រី Michelle Obama និងកូនស្រី Malia អាយុ ១៨ឆ្នាំ រួមនឹង Sasha អាយុ ១៥ឆ្នាំ។ សំបុត្រនេះត្រូវបានផ្ញើទៅកាន់មិត្តភ័ក្ដិ និងអ្នកសារព័ត៌មាន នេះបើតាមទំព័រ IBTimes ។

/

សំបុត្រនេះសរសេរថា “គ្រួសារយើងខ្ញុំ រំលឹកឡើងវិញនូវក្ដីសុខសុភមង្គលជាច្រើនឆ្នាំ នៅសេតវិមាន ហើយអរគុនជាខ្លាំង ព្រោះបានមានមិត្តភ័ក្ដិជាច្រើន បានចែករំលែកក្ដីសុខ និងទទួលបានមនោសញ្ចេតនាជាច្រើនពីអ្នករាល់គ្នា។ យើងខ្ញុំសូមជូនពរមិត្តទាំងឡាយ និងញាតិ ជួបតែក្ដីសុខ សប្បាយក្នុងឱកាសឈប់សំរាកនៃថ្ងៃបុណ្យ និងសូមជួបតែសំណាងល្អក្នុងឆ្នាំថ្មី”។

សំបុត្រនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Obama លោកស្រី Michelle និងកូនស្រី Sasha, Malia រួមទាំងសុនក Bo និង Sunny ផងដែរ។

ទំនៀមទម្លាប់នៃការចែកសំបុត្របុណ្យក្នុងបណ្ដាពិធីបុណ្យនៅសេតវិមាន បានចាប់ផ្ដើមអំឡុងឆ្នាំ ១៩២០។ សំបុត្របុណ្យ ជារៀងរាល់ឆ្នាំរបស់សេតវិមាន ជាធម្មតាមិនមានរូបថតរបស់ប្រធានាធិបតី ប៉ុន្តែ កាលពីឆ្នាំ ១៩៩៣ គេក៏ចាប់ផ្ដើមឃើញមានរូបរបស់លោក Bill និងលោកស្រី Hillary Clinton ប៉ុន្តែ មិនមានរូបថតកូនស្រី Chelsea ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Telegraph