ទីភ្នាក់ងារអវកាសអាមេរិក (NASA) នឹងធ្វើសន្និសីទកាសែត ដើម្បីប្រកាសអំពីរបកគំហើញថ្មីអំពីប្រព័ន្ធព្រះអាទិត្យ ពីកម្មវិធីសិក្សាស្រាវជ្រាវ Discovery។

/

NASA ត្រូវបានគេរំពឹងថានឹងបង្ហើបអំពីអាថ៌កំបាំងអំពីប្រព័ន្ធព្រះអាទិត្យ ក្នុងសន្និសីទកាសែតនេះ

សន្និសីទកាសែតពីចម្ងាយរបស់ NASA ត្រូវបានធ្វើឡើងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី ៤មករា (GMT) ត្រូវនឹងម៉ោង៤ព្រឹក ថ្ងៃទី ៥មករា (ម៉ោងនៅស្រុកខ្មែរ) នេះបើតាម The Sun។ ខ្លឹមសារនៃសន្និសីទនេះ នឹងផ្ដោតទៅលើរបកគំហើញរបស់បេសកកម្ម Discovery ដែលចាប់កំណើតកាលពីឆ្នាំ ១៩៩២ ដើម្បីលើកទឹកចិត្តអ្នកវិទ្យាសាស្ដ្រ បង្កើតនូវបេសកកម្មតម្លៃទាប ជាមួយនឹងគោលដៅ “សិក្សាស្រាវជ្រាវបណ្ដាអាថ៌កំបាំងនៃប្រព័ន្ធព្រះអាទិត្យ”។

សន្និសីទនេះ មានការចូលរួមរបស់ Thomas Zurbuchen អនុប្រធានគណកម្មការបេសកកម្មវិទ្យាសាស្ដ្ររបស់ NASA នៅ Washington និង Jim Green អគ្គនាយកផ្នែកវិទ្យាសាស្ដ្រភពនៃទីភ្នាក់ងារអវកាសអាមេរិក។

បេសកកម្មចំនួន ១២ ដែលធ្លាប់ត្រូវបានជ្រើសរើសដើម្បីអនុវត្តក្នុងកម្មវិធី Discovery រួមមាន យានអវកាស Messenger ទៅកាន់ភពពុធ(Mercury), Dawn ទៅកាន់កូនភពតូចៗ ដូចជា Vesta និង Ceres រួមនឹងឧបករណ៍ចុះចត InSight Mars ដែលគ្រោងនឹងបាញ់បង្ហោះនៅខែឧសភា ឆ្នាំ ២០១៨៕

ប្រែសម្រួល ៖ តារាប្រភព ៖ The Sun