ភ្នំពេញ៖ រនាំងនិងរបាំងចែកទ្រូងផ្លូវនៅ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានកសាង ឡើង ដោយសាលារាជធានីភ្នំពេញ ក្នុងគោល បំណងកាត់បន្ថយការកកស្ទះចរាចរ ដោយ សារកំណើនប្រជាពលរដ្ឋនោះ បានក្លាយជា ជនរងគ្រោះស្ទើរជារៀងរាល់ថ្ងៃ ជាពិសេស នៅពេលយប់ បន្ទាប់ពីអ្នកបើកបរមួយចំនួន ភាគច្រើនមកពី គ្រឿងស្រវឹង បានបុកបណ្ដាល ឱ្យខូចខាតយ៉ាងច្រើន។
ប៉ុន្ដែរថយន្ដនិងម៉ូតូ បង្កហេតុទាំងនោះ ត្រូវបានសមត្ថកិច្ចស្ទូច យកទៅទុកនៅសាលារាជធានីភ្នំពេញ និងការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បី ធ្វើការផាកពិន័យទៅតាមច្បាប់ ពីបទបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ។
ជាក់ស្តែង កាលពីវេលាម៉ោង ២៖៣០នាទី រំលងអាធ្រាត្រ យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ នៅលើមហាវិថីសហពន្ធ័រុស្សីត្រង់ ចំណុចមុខផ្ទះ លេខ១០៨ ស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយសាររ ថយន្តម៉ាក MERCEDES ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-3299 បើកបរ ដោយឈ្មោះ KARUNARATNE VAJIRA MANOJភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិស្រីលង្កា បំរើការងារនៅ សាខាអគ្គីសនីទី២ មានមុខងារជាប្រធានផ្នែក មានទីលំនៅផ្ទះ លេខ៩៥AE2 ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានធ្វើដំណើរតាម បណ្តោយមហាវិថីសហពន្ធ័រុស្សី ពីទិសខាងកើតមកលិច លុះដល់ចំណុចកើតហេតុ ខាងលើ ដោយស្ថានភាពស្រវឹងបានជ្រុលទៅបុក រនាំងដែកបែងចែក ទ្រូងផ្លូវបាក់អស់ ចំនួន១៣ផ្ទាំង ។
មន្រ្តីនគរបាលចរាចរជើកគោករាជធានីភ្នំពេញំ បានឲ្យដឹងថា ក្រោយពេលកើតហេតុ រថយន្តបង្កបានបើករត់រហូតដល់ផ្សារ ទំនើប រតនាផ្លាហ្សា ហួសពីកន្លែង ពីកន្កែងកើតហេតុ ប្រហែល៥០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់បាន ។ មន្រ្តីនគរបាលចរាចរ បានបន្តថា ក្រោយពេលសាក សួរ អ្នកបើកបររូបនះ បានសារភាពថា ខ្លួនបានផឹកស្រាវីស្គីអស់ជិតកន្លះដបជាមួយមិត្តភក្តិ មានគ្នាចំនួនបីនាក់ នៅជិតហាង រតនះស្រីម៉ៅ ចាប់តាំងពី ម៉ោង២១ រហូតដល់ម៉ោង២រំលង អាធ្រាត្រ ខ្លួនក៏បានជួនមិត្តភក្តិទៅម្ដំ ផ្សារដីហុយ ដោយខ្លួន ងងុយដេក ក៏ជួបហេតុការ គ្រោះថ្នាក់់តែម្ដង ។
តាមការវាស់ស្ទង់ជាតិអាល់កុល ពីសំណាក់សមត្ថកិច្ចចរាចរណ៍បង្ហាញថាអ្នកបើករថយន្តរូបនេះមានជាតិអាល់កុលរហូតដល់ ១,០៦mg/l។
ក្រោយកើតហេតុនេះទាំងអ្នកបើកបរ និងរថយន្តត្រូវបានកម្លាំងនគរបាលចរាចរ នាំយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ និងកំពុង សាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរដែល បានបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ ដូចជារបាំងចែកទ្រូងផ្លូវនិងបង្គោល ភ្លើងជាដើមនេះ អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ លោកឡុង ឌីម៉ង់ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ថា គ្រោះថ្នាក់ចរាចរ ដែលបណ្ដាលឱ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋខាងលើនេះ បណ្ដាលមក ពីគ្រឿងស្រវឹងពីចន្លោះ៩០ទៅ៩៥ភាគរយ។
លោកឡុង ឌីម៉ង់ បានបញ្ជាក់ពីការផាក ពិន័យថា នៅពេលមានគ្រោះថ្នាក់ចរាចរ ដូច ជាបុករបាំងនិងរនាំងចែកទ្រូងផ្លូវខាងលើ នេះ គឺខាងមន្ទីរសាធារណការ ជាអ្នកវាយ តម្លៃពីទំហំនៃការខូចខាត ដែលតម្រូវឱ្យ ម្ចាស់រថយន្ដបង្កហេតុ ត្រូវធ្វើសងវិញហើយ លើសពីនេះគឺម្ចាស់រថយន្ដនិងតម្រូវឱ្យបង់ ផាកពិន័យទៅឱ្យសាលារាជធានីភ្នំពេញ បន្ថែមទៀត ។
ឧទាហរណ៍បើសិន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំ ពេញ វាយតម្លៃថា ទំហំនៃការខូចខាតនៃ ការបុករបាំងឬរនាំងចែកទ្រូងផ្លូវ និងបុក បង្គោលភ្លើងជាដើម អស់ ៣០០ដុល្លារ នោះ អ្នកបើករថយន្ដបង្កនិងត្រូវឱ្យបង់បន្ថែម ៣០០ដុល្លារទៀតទៅ ឱ្យសាលារាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយ បើយោងតាមអ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ បានបន្ដថា ថវិកាដែលសាលារាជធានីភ្នំពេញ ទទួលបានមកពីការ ផាកពិន័យខាងលើនេះ និងត្រូវទុក ដើម្បីឧបត្ថម្ភដល់កងកម្លាំង សមត្ថកិច្ចជាពិសេស កម្លាំងនគរបាលចរាចរ ដែលយាមប្រចាំការ នៅពេលយប់ ។
ជាមួយគ្នានេះ សមត្ថកិច្ចចរាចរ បានធ្វើ ការអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នក បើករថយន្ដទាំងអស់ ត្រូវមានការប្រុងប្រ យ័ត្នខ្ពស់ បើមិនដូច្នោះពេលបុកទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋម្ដងៗនិងត្រូវខាតបង់ យ៉ាងធ្ងន់ ម្យ៉ាងត្រូវចំណាយលុយសម្រាប់ ជួសជុលរថយន្ដដែលខូច ដោយមិនទាន់រាប់ បញ្ចូលពីការរងគ្រោះថ្នាក់របស់ខ្លួននិងម្យ៉ាង ទៀត ត្រូវចំណាយលុយសម្រាប់ការបង់ផាក ពិន័យទៅឱ្យមន្ទីរសាធារណការ និងសាលា រាជធានីភ្នំពេញ ។
កាលពីពេលកន្លងទៅថ្មីៗនេះ ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការព្រួយបារម្ភ ចំពោះ កំណើនអ្នកស្លាប់និងរងរបួស ដោយសារ គ្រោះថ្នាក់ចរាចរ នៅប្រទេសកម្ពុជា ចេះតែ កើនឡើងជាបន្ដបន្ទាប់ ដោយសម្ដេចបាន អំពាវនាវកុំឱ្យបើកបរពេលមានអាការៈស្រ វឹង និងពេលស្រវឹងកុំបើកបរ បើសិនមិន ស្រឡាញ់ជីវិតអ្នកដទៃ គួរស្រឡាញ់ជីវិត របស់ខ្លួនឯងផង ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរត្រូវបាន គេមើលឃើញថា កើតឡើងស្ទើរជារៀង រាល់យប់នៅក្នុងរាជធានីភ្នំពេញ ទាំងនោះ ហើយ គឺបណ្ដាលមកពីអ្នកបើកបរទាំងអស់ មិនមានការប្រុងប្រយ័ត្ន បើកគ្មានគោរព ច្បាប់ចរាចរ បើកគ្មានគោរពសិទ្ធិគ្នា និងបើក លឿនហួសល្បឿនកំណត់។
ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ដែលកំពុងតែមានការកើនឡើង នាពេលបច្ចុប្បន្ន នេះ ជាពិសេសគ្រោះថ្នាក់ចរាចរ នៅក្នុង រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ដែលមួយចំណែកបណ្ដាលមកពី គ្រឿងស្រវឹងនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ផ្ដាយ៣ ជួន សុវណ្ណ បានបញ្ជា ឱ្យសមត្ថកិច្ចតាមខណ្ឌទាំង៩ រួមទាំងកម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវរឹតបន្ដឹងចំពោះការត្រួត ពិនិត្យជាតិអាកុល ហើយលោកស្នងការបានបញ្ជាយ៉ាងដាច់ខាត សមត្ថកិច្ចត្រូវបញ្ជូនជនទាំងឡាយណា ដែលហូបគ្រឿងស្រវឹង មានជាតិអាកុលខ្ពស់ ទៅកាន់តុលាការ ។
ប្រតិបត្ដិការត្រូវបានធ្វើឡើង ជាបន្ដបន្ទាប់ នៅពេលយប់ក្នុងខណ្ឌទាំង៩ ពីសំណាក់កម្លាំងនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ សហការ ជា មួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង៩ ចំពោះការត្រួតពិនិត្យជាតិអាកុលទៅលើអ្នកដំណើរ ពោលត្រូវបង្កើនការអប់រំចំពោះពួកគាត់ឱ្យយល់ដឹងពីអត្រាគ្រោះថ្នាក់ចរាចរ ដែលកំពុងតែកើនឡើងនាពេល បច្ចុប្បន្ននេះ និងមួយផ្នែកបណ្ដាលមក
ពីអ្នកបើកបរទាំងនោះ មានអាការស្រវឹង ខ្លាំង ។
ទាក់ទិននឹង ចំណាត់ការ និងបទបញ្ជាថ្មីខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា លោកបានដាក់បទបញ្ជាឱ្យអធិការនគរបាលខណ្ឌទាំង៩ និងកម្លាំង នគរបាលចរាចរណ៍ ត្រូវត្រួត ពិនិត្យជាតិអាកុល ចំពោះអ្នកដំណើរតាមផ្លូវ ដោយលោកយល់ថា គ្រោះថ្នាក់ចរាចរ ដែលបាននិងកំពុង កើនឡើងនេះ មួយផ្នែកបណ្ដាលមកពីគ្រឿងស្រវឹងតែម្ដង។
លោកស្នងការ ជួន សុវណ្ណ បានបញ្ជាក់ថា លោកក៏បានបញ្ជា ឱ្យសមត្ថកិច្ចបញ្ជូនខ្លួនជនណា ដែលមានជាតិអាកុលខ្លាំង នៅក្នុងខ្លួនទៅតុលាការផង ដែរ ដើម្បីអនុវត្ដទៅតាមច្បាប់ ក៏ដូចជាការព្រមានទៅកាន់ជនដទៃទៀត ។
សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្រិតដែលត្រូវផាកពិន័យ ចំពោះជនណាដែលមានជាតិអាកុលក្នុងខ្លួន ចាប់ពី០,៤០ឡើង ទៅ ហើយច្បាប់តម្រូវឱ្យ ផាកពិន័យ ពី ២ម៉ឺន៥ពាន់រៀល ទៅ ១លានរៀល ហើយត្រូវជាប់ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៦ខែ ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល