ពោធិ៍សាត់ៈ បុរសល្មោភកាម តណ្ហាម្នាក់ ត្រូវបានកម្លាំង នគរបាល ស្រុកក្រគរ ឃាត់ខ្លួនបាន ខណៈដែលមាន ពាក្យបណ្តឹងពី ឪពុកម្តាយ ក្មេងស្រីរងគ្រោះប្តឹង មកសមត្ថកិច្ចថា ជនសង្ស័យម្នាក់នោះ បានចាប់រំលោភ កូនស្រីរបស់ខ្លួនបានសម្រេច កាលពីវេលាម៉ោង២១ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យល្មោភកាមម្នាក់នោះ បានឡើងទៅលើផ្ទះរបស់ ក្មេងស្រីរងគ្រោះ ហើយឆ្លៀតឱកាសពេលស្ងាត់ហើយក្មេងស្រីរងគ្រោះនោះ ក៏បានដេកលង់លក ក៏ស្រាប់តែជន សង្ស័យបានចាប់រំលោភក្មេងស្រីរងគ្រោះនោះរហូតដល់បានសម្រេចតែម្តង រួចក៏គេចខ្លួនបាត់ទាំងយប់។ លុះព្រឹក ឡើងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន តាមពាក្យបណ្តឹងរបស់ ឪពុក ម្តាយ ក្មេងស្រីរងគ្រោះតែម្តង។
ប្រភពពីសមត្ថកិច្ចដដែលក៏បានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ឌុល ទិត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។ ចំណែកក្មេងស្រី រងគ្រោះមានឈ្មោះ ផ-ល ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ។
ប្រភពដដែលបន្តថា រហូតមកទល់ថ្ងៃនេះជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យកណ្តាលនគរបាលយុត្តិធម៌ខេត្ត ពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធី៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល