(រ៉ូម)៖ ក្រោយគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៥.៤រ៉ិចទ័រវាយប្រហារទីក្រុងរ៉ូមប្រទេសអ៊ីតាលីនោះ ភ្លាមៗគេ​ពុំទាន់ទទួលបានព័ត៌មានអំពីការខូចខាត និងមនុស្សរងគ្រោះនោះឡើយកាលពីថ្ងៃពុធ ប៉ុន្តែឈានចូលមក​ដល់ថ្ងៃព្រហស្បតិ៍នេះ មានសេចក្តីរាយការណ៍ថា មនុស្សជាច្រើននាក់ ដែលបានជាប់ខ្លួននៅក្រោមគំនរ​អគារ ឬលំនៅឋានដែលបានបាក់រលំនោះ បានស្លាប់ជាបន្តបន្ទាប់​ដោយសារតែ​ព្រិលបាន និងកំពុងធ្លាក់យ៉ាង​ខ្លាំងនៅ​ទីក្រុងរ៉ូម និងនៅតំបន់នានាផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

/

សម្រាប់ព័ត៌មានលម្អិតស្តីអំពីចំនួនមនុស្សស្លាប់នោះ គឺសេចក្តីរាយការណ៍បឋមមានចំនួន៣០នាក់។ ​យោងតាម​ BBC គ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារ​ចំទីក្រុង​រ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះបានជះឥទ្ធិពល​ដល់​តំបន់មួយចំនួន​ទៀតរួមមាន Lazio, Abruzzo, និង Marche ផងដែរ។ គ្រោះរញ្ជួយដីខាងលើបានកើត​ឡើងនៅវេលា​ម៉ោងប្រមាណ​ជា ១០៖២៥នាទីព្រឹកថ្ងៃពុធ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រ​ភាគឦសាន​ទីក្រុងរ៉ូម ជាមួយនឹង​ជម្រៅ​ដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រ​នៅក្រោម​ផ្ទៃដីតែ​ប៉ុ​ណ្ណោះ។

/

តាមសារព័ត៌មានក្នុងតំបន់របស់អ៊ីតាលីចេញផ្សាយទៀតថា មនុស្សទាំង៣០នាក់ដែលបានស្លាប់នោះ គឺជា​ភ្ញៀវស្នាក់នៅ និងបុគ្គលិកដែលបម្រើការងារ​នៅក្នុងសណ្ឋាគារ​ខ្នាតតូច​មួយមានឈ្មោះថា Rigopiano កម្រិតផ្កាយ៤ ដែលជា​ទីកន្លែងកម្សាន្តដ៏ពេញនិយមមួយផងដែរ ដែលបានទទួលរងគ្រោះដោយសាររញ្ជួយដីទាំងយប់។

​គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់៣០០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត៦.០រ៉ិចទ័រ បានវាយប្រហារលើតំបន់ Pitignano និង Montereale ស្ថិតចំងាយប្រមាណជា២០គីឡូម៉ែត្រ ពីភាគខាងត្បូងតំបន់ Amatrice។ ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella បានចាត់ទុកថា គ្រោះរញ្ជួយដីដែលបានវាយប្រហារលើតំបន់ Marche នៅថ្ងៃពុធនេះ គឺជាគ្រោះមហន្តរាយ មួយ ហើយលោកក៏បានអំពាវនាវឱ្យមានការផ្ដល់ជំនួយជាបន្ទាន់ផងដែរ។

ប្រជាជនអ៊ីតាលី​ត្រូវបាន​ណែនាំ​ឲ្យបន្តការប្រុងប្រយ័ត្ន​ខ្ពស់ជាប់​ជានិច្ចព្រោះអ្នក​ជំនាញ​ជាច្រើន​បាន​បញ្ជាក់​ថា​ ​​គ្រោះរញ្ជួយដី​​បន្ថែម​​ទៀត​​មិនមែន​ជារឿង​ពុំអាច​ទៅរួច​នោះ​ឡើយ បន្ទាប់​ពីតំបន់​ភាគកណ្តាល​ប្រទេស​អ៊ីតាលី​​នាថ្ងៃពុធ​ម្សិលមិញ​នេះ បាន​ទទួលរង​​ការ​​រញ្ជួយ​​ខ្លាំង​​គួរ​សម​បន្តបន្ទាប់​គ្នា ដែល​បានធ្វើ​ឲ្យសំណង់​ជា​ច្រើន​រងការ​ខូចខាត និងបង្ខំឲ្យ​ប្រព័ន្ធ​គមនាគមន៍​នៅក្នុង​តំបន់​ផ្អាក​ដំណើរការ ព្រម​​​ទាំង​​បានបណ្តាល​​​ឲ្យ​​មនុស្ស​​រាប់ពាន់​នាក់ភៀស​ខ្លួនចេញពី​លំនៅឋាន សាលារៀន និងកន្លែង​ធ្វើការ​របស់ពួកគេ​ជាប្រញាប់ប្រញាល់ទៀតផង៕

/

ប្រភព ៖ ប៊ីប៊ីស៊ី