ក្រុមអ្នកវិទ្យាសាស្ដ្រព្យាករណ៍ថា បើសិនមូលដ្ឋាននេះត្រូវបានសាងសង់ដោយជោគជ័យ នោះវានឹងក្លាយជាស្ថានិយអវកាសអន្តរជាតិទីពីរ។

ថ្មីៗនេះ សន្និសីទកាសែតមួយត្រូវបានរៀបចំឡើងដើម្បីអបអរ​ចំពោះការវិលត្រឡប់មកវិញរបស់អ្នកអវកាស​ Tim Peake ដែលជាអ្នកអវកាសជនជាតិអង់គ្លេស មកពីទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)។ នៅទីនេះ​ ESA បានប្រកាសឱ្យដឹងអំពីគម្រោងមួយប្រកប់ដោយមហិច្ឆតា។ ពួកគេ​គ្រោងនឹងបង្កើតមូលដ្ឋានអវកាសមួយនៅចន្លោះផែនដី និងព្រះចន្ទ ដែលមានមុខងារ​ប្រហាក់​ប្រហែលនឹងស្ថានិយអវកាសអន្តរជាតិបច្ចុប្បន្ន។ មូលដ្ឋាននេះក៏ត្រូវបានគេចាត់ថា ដូចជាស្ថានិយមួយ​ជួយដល់ការស្រាវជ្រាវប្រព័ន្ធព្រះអាទិត្យផងដែរ។

/

Tim Peake បានវិលមកពីអវកាសដោយជោគជ័យ កាលពីថ្ងៃទី ១៨មិថុនាកន្លងទៅ

ក្រៅពីនេះ មូលដ្ឋាននេះក៏នឹងជាផ្លូវបំបែកមួយ ដើម្បីជួយដល់អ្នកអវកាសក្នុងការសិក្សាស្រាវជ្រាវលើឋានព្រះចន្ទ និងការស្រាវជ្រាវដទៃទៀត។ មូលដ្ឋាននេះគឺជាស្ថានិយអវកាសទីពីរ​របស់មនុស្ស។

តាមគម្រោង ISS នឹងឈប់ដំណើរការនៅឆ្នាំ ២០២៤ បន្ទាប់ពីបានបម្រើដល់បេសកកម្មអវកាស​ រយៈពេល ២៦ឆ្នាំកន្លងមក ដូច្នេះ គេត្រូវការស្ថានិយមួយផ្សេងទៀតមកជំនួស។

David Parker អគ្គនាយ​កផ្នែកអវកាសចរណ៍របស់ ESA ឱ្យដឹងថា មូលដ្ឋានអវកាសនៅចន្លោះផែនដី និងព្រះចន្ទ ដែល ESA កំពុងមានគម្រោងសាងសង់នេះ នឹងជាមូលដ្ឋានសំខាន់មួយដែលអនុញ្ញាតឱ្យអ្នកអវកាសចូលចត និងធ្វើកិច្ចការស្រាវជ្រាវនានា នៅក្នុងលំហអវកាស។

/

ការវិលត្រឡប់របស់ Apollo 11 កាលពីឆ្នាំ ១៩៦៩

បច្ចុប្បន្ន ESA មិនទាន់មានគម្រោងលំអិតនៅឡើយ ប៉ុន្តែ ពួកគេគិតឃើញថា រយៈពេល ១០ឆ្នាំទៀត មូលដ្ឋាននេះ​នឹងត្រូវបានសាងសង់ឡើងដោយជោគជ័យ។ នៅចុងឆ្នាំនេះ ESA នឹងបើកកិច្ចប្រជុំមួយ​នៅប្រទេសស្វីស ដែលមានការចូលរួមពីបណ្ដារដ្ឋមន្ត្រីអឺរ៉ុប។ នៅក្នុងកិច្ចប្រជុំនេះ តំណាង ESA នឹងធ្វើបទបង្ហាញលំអិតអំពីមូលដ្ឋានអវកាសរបស់ខ្លួន។

ប្រែសម្រួល ៖ បុត្រា