ភ្នំពេញ៖ បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បើករថយន្តលឿន ដូចហោះ ហើយជ្រុលទៅបុក របាំងថ្មចែកទ្រូងផ្លូវ លាន់សូរដូចរន្ទះ បណ្តាលឲ្យរថយន្ត រងការខូចខាត យ៉ាងដំណំផ្នែកខាងមុខ និងរបាំងថ្មខូចខាត អស់ចំនួន៤កង់ ហេតុការណ៍គ្រោះថ្នាក់ ចរាចរខាងលើនេះ បានកើតឡើងកាល ពីវេលម៉ោង០០និង០៥នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២នៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ទល់មុខរដ្ឋាបាលជលផល ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌចំការមន។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាម្ចាស់រថយន្ត បង្កហេតុខាងលើនេះពុំទាន់បាន ស្គាល់អត្តសញ្ញាណ នៅឡើយទេ ដោយសារបុរសរូបនេះ ស្រវឹងស្រា ខ្លាំងពេក ទើបពិបាក ក្នុងការសួរនាំ ពីមូលហេតុគ្រោះថ្នាក់ ចរាចរដែលបាន កើតឡើងនេះ។ ហើយរថយន្តបង្កហេតុនេះម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2D-4846 បើកបរដោយ បុរសម្នាក់ តាមបណ្តោយមហាវិថីព្រះនរោត្តមយ៉ាងលឿនក្នុងទិសដៅ ពីជើងទៅត្បូង លុះជិតមកដល់ចំណុច កើតហេតុខាងលើ ក៏ជ្រុល ចង្កូត បុកក្បាលរបាំងថ្ម ចែកទ្រូងផ្លូវបណ្តាលឲ្យ បាក់អស់ចំនួន៤កង់ និងរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ តែទោះជាយ៉ាងណា នៅក្នុងហេតុការណ៍ ខាងលើនេះពុំមានបណ្តាល ឲ្យមនុស្សណាម្នាក់ បានរងរបួសឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងនគរបាលជំនាញចុះធ្វើការវាស់វែង ដកហូតយករថយន្ត ទៅរក្សាទុកនៅការិយាល័យ ចរាចរជើងគោក ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល