ស្ដ្រីជនជាតិកាតារពីររូបរួមនឹងអ្នកបើកបររថយន្តរបស់ពួកគេត្រូវចោរប្លន់យកទ្រព្យដែលមានតម្លៃជាង ៥លានដុល្លារអាមេរិក នៅលើដងផ្លូវល្បឿនលឿនមួយនៅបារាំង។

/

ស្ដ្រីជនជាតិកាតារពីររូបដែលមានអាយុជាង ៦០ឆ្នាំ ត្រូវបានចោរប្លន់កាលពីថ្ងៃទី ២១វិច្ឆិកា បន្ទាប់ពីបានចាកចេញពីព្រលានយន្តហោះ Le Bourget ក្នុងក្រុងបារីស។ បុរសជាចោរបិទមុខពីរនាក់ បានឃាត់រថយន្តរបស់ពួកគេ រួចបាញ់ផ្សែងបង្ហូរទឹកភ្នែក និងប្លន់យកអ្វីៗទាំងអស់នៅក្នុងរថយន្ត ដូចជាគ្រឿងអលង្ការ ខោអាវ កាបូប។ល។ នេះបើតាមទំព័រ AFP ។

ទ្រព្យសម្បត្តិដែលត្រូវបានប្លន់ មានតម្លៃយ៉ាងតិច ៥លានអឺរ៉ូ (ប្រហែល ៥,៣លានដុល្លារអាមេរិក)។កំណាត់ផ្លូវផ្នែកខាងជើងនៃដងផ្លូវល្បឿនលឿនដែលតភ្ជាប់ក្រុងបារីស ជាមួយនឹងព្រលានយន្តហោះ Charles de Gaulle និង Le Bourget គឺជាកន្លែងដែលតែងតែកើតមានករណីប្លន់ជនបរទេសដែលជិះរថយន្តទំនើប ដែលពួកគេមួយចំនួនមានយកប្រាក់ច្រើនជាប់តាមខ្លួន។ ចោរប្លន់តែងឆក់ឱកាសពេលស្ទះផ្លូវដើម្បីធ្វើសកម្មភាពប្លន់។

កាលពីខែតុលា រថយន្តតាក់ស៊ីដែលដឹកអគ្គនាយកនៃបណ្ដាញហាងលក់គ្រឿងសង្ហារឹមមួយនៅបារាំង ក៏ត្រូវបានគេប្លន់ បន្ទាប់ពីចាកចេញពី Le Bourget។ ចោរប្លន់ចំនួនបីនាក់ បានឃាត់រថយន្ត នឹងប្លន់យកទ្រព្យដែលមានតម្លៃប្រហែល ១០០.០០០អឺរ៉ូ (ជាង ១០០.០០០ដុល្លារអាមេរិក) របស់ជនរងគ្រោះ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail