(តៃប៉ិ)៖ បុរសម្នាក់ដែលជាជនសង្ស័យ បំផ្ទុះគ្រាប់បែកនៅក្នុងរថភ្លើង ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានសារភាពប្រាប់ប៉ូលិសថា តាមពិត រូបគេមានបំណងបំផ្ទុះគ្រាប់បែក ក្នុងរថភ្លើងនៅត្រង់ចំណត Hsinchu ប៉ុន្តែដោយសារតែពេលនោះ បានឃើញនារីម្នាក់ស្អាតពេក«very cute» ទើបខ្លួនមិនដាច់ចិត្ត ហើយបង្ហួសទៅបំផ្ទុះពេលរថភ្លើង ធ្វើដំណើរដល់ស្ថានីយ៍ Songshan វិញ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦។

សម្រាប់មូលហេតុនៃការបំផ្ទុះនេះវិញ ត្រូវបានប៉ូលិសតៃវ៉ាន់ បញ្ជាក់តាមសម្តីសារភាពរបស់ជនសង្ស័យ ឈ្មោះ Lin Ying-chang នោះថា លោកបានប្រព្រឹត្តទង្វើនេះតែឯងប៉ុណ្ណោះ ហើយក៏ដោយសារតែជីវិតលោកពោរពេញដោយឧបសគ្គ ដូច្នេះលោកចង់ទាក់ទាញ ការចាប់អារម្មណ៍ ពីសង្គមឲ្យបានខ្លាំងក្លា ប៉ុន្តែលោកមិនបានរំពឹងថា គ្រាប់បែកដែលលោកកែច្នៃដោយខ្លួនឯងនេះវាអាចមានសមត្ថភាព ខ្លាំងក្លាបែបនេះសោះឡើយ។

គួរបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់គ្រាប់បែកច្នៃដោយខ្លួនឯង ដោយទិញឧបករណ៍មួយដែលអាចស្តុកវត្ថុធាតុបាន រួចបំពេញម្សៅ រំសេវចូលទៅក្នុងនោះតែម្តង។ លោក Lin មានជំងឺប្រចាំកាយ ហើយស្ថានភាពជីវភាព គឺក្រីក្រ ដែលត្រូវរស់នៅជាមួយសត្វឆ្កែ មួយក្បាលថែមទៀត។ ការផ្ទុះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា បានបណ្តាលឲ្យមនុស្ស ២៥នាក់រងរបួសក្នុងនោះមានទាំង ជនសង្ស័យ គឺលោក Lin ម្នាក់ផងដែរ៕

width=730

width=730

 

ប្រភព ៖ CNAផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី