ក្រុមអ្នកវិទ្យាសាស្ដ្រព្យាករណ៍ថា ទ្វីបអាមេរិក និងអាស៊ី នឹងតភ្ជាប់គ្នា បង្កើតបានជាមហាទ្វីបថ្មីមួយមានឈ្មោះថា Amasia ក្រោយរយៈពេល ២៥០លានឆ្នាំទៀត។

/

ទ្វីបអាមេរិក និងទ្វីបអាស៊ី នឹងតភ្ជាប់គ្នា បង្កើតបានជាមហាទ្វីប មានឈ្មោះថា Amasia

គហទំព័រ Yahoo News កាលពីថ្ងៃទី ១៣មករា បានចុះផ្សាយថា តាមរយៈការវិភាគនៅលើកុំព្យូទ័រ ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Yale អាមេរិក បានព្យាករណ៍ថា ទ្វីបអាមេរិក និងអាស៊ី នឹងប៉ះគ្នា ហើយបង្កើតបានជាមហាទ្វីបថ្មី ដែលត្រូវបានគេហៅថា Amasia ក្នុងរយៈពេល ២៥០លានឆ្នាំទៀត។

ការបម្លាស់ទីរបស់បណ្ដាស្រទាប់ផែនដី នឹងធ្វើឱ្យអាមេរិកខាងជើង និងអាមេរិកខាងត្បូង រួបរួមគ្នា។ ក្រោយមក ទ្វីបអាស៊ីនឹងតភ្ជាប់ជាមួយទ្វីបអាមេរិក ដោយសារការបាត់ខ្លួនរបស់មហាសមុទ្រអាកទិក។

ក្រៅពីនេះ សម្មតិកម្មមួយផ្សេងទៀតយល់ថា ការរួមតូចនៃមហាសមុទ្រប៉ាស៊ីហ្វិក នឹងធ្វើឱ្យអាមេរិកខាងជើង និងទ្វីបអាស៊ី រួមគ្នាបង្កើតជាទ្វីថ្មីមួយក្នុងពេលអនាគត។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្រមិនទាន់កំណត់ឱ្យបានច្បាស់អំពីដំណើរការនៃការកកើតទ្វីបថ្មីនេះ។

ផែនដីធ្លាប់មានមហាទ្វីបមួយចំនួន មុនពេលវាត្រូវចែកចេញជាទ្វីបតូចៗជាច្រើន ដែលបែកចែកដោយសមុទ្រនានាដូចសពថ្ងៃ។ ក្រៅពីនេះ មហាទ្វីបពីរផ្សេងទៀត គឺ Rodinia និង Nuna ក៏ធ្លាប់មានវត្តមាន ក្នុងអំឡុងពេលពី ១,៣ដល់ ១,៤ពាន់លានឆ្នាំមុន៕

ប្រែសម្រួល ៖ តារាប្រភព ៖ Yahoo News