កូរ៉េខាងជើងប្រារព្ធពិធីមហាជប់លៀង នៅកណ្ដាលទីលានក្រុងព្យុងយ៉ាង ដោយមានការចូលរួមពីក្រុមរបាំ បន្ទាប់ពីប្រកាសថា បានបាញ់កាំជ្រួចចេញពីនាវាមុជទឹកដោយជោគជ័យ កាលពីថ្ងៃទី ២៤សីហា។

/

ទូរទស្សន៍ជាតិ និងបណ្ដាទំព័រមុខរបស់កាសែតធំៗរបស់កូរ៉េខាងជើង ក្នុងសប្ដាហ៍នេះបានសរសើរអំពីការបាញ់កាំជ្រួចចេញពីនាវាមុជទឹកដោយជោគជ័យថា ជាជំហានដ៏ធំមួយទាក់ទឹននឹងបច្ចេកវិទ្យាយោធា។

ក្រោយពីការបាញ់កាំជ្រួចខាងលើ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានអនុញ្ញាតឱ្យប្រារព្ធពិធីជប់លៀងទូទាំងប្រទេសដើម្បីអបអរសាទរ។ ក្នុងនោះ ពិធីជប់លៀងធំបំផុតត្រូវបានធ្វើឡើងនៅទីលាន Kim Il Sung នៅក្រុងព្យុងយ៉ាង ដោយមានការចូលរួមសំដែងពីក្រុមអ្នករបាំផងដែរ។

ព្រឹត្តិការណ៍ខាងលើនេះ ក៏ត្រូវបានធ្វើឡើងដើម្បីរំលឹកដល់គោលនយោបាយ “យោធានាំមុខ” (កងទ័ពគឺធំបំផុត) ដែលអតីតមេដឹកនាំ Kim Jong-il បានលើកឡើងកាលពីឆ្នាំ ១៩៦០។

បើទោះជាពិធីជប់លៀងត្រូវបានធ្វើឡើងទូទាំងប្រទេស ប៉ុន្តែ ស្ថានភាពនៅក្រុងព្យុងយ៉ាង នៅតែមានភាពតានតឹង។ ក្នុងអំឡុងពេលជប់លៀង គេនៅតែឃើញរថយន្ដទាហាន ធ្វើដំណើរជុំវិញក្រុង។

នៅក្នុងព្រត្តិការណ៍ទាក់ទឹននេះដែរ ទំព័រ Yonhap កាលពីថ្ងៃទី ២៦សីហា ដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូង ឱ្យដឹងថា ចាប់តាំងពីដើមសប្ដាហ៍នេះ យោធាកូរ៉េខាងជើង បានដាក់ប្រទេសឱ្យស្ថិតក្នុងការប្រកាសអាសន្នខ្ពស់បំផុត ខណៈដែលកងទ័ពអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយគ្នា។ សមយុទ្ធនេះ មានការចូលរួមពីទាហានចំនួន ៧៥.០០០នាក់ ក្នុងនោះមានទាហានអាមេរិក ២៥.០០០នាក់។

ក្រុងព្យុងយ៉ាង បានរិះគន់ទៅលើសមយុទ្ធយោធាខាងលើ ហើយគំរាមថានឹងវាយប្រហារដោយអាវុធនុយក្លេអែរទៅលើកូរ៉េខាងត្បូង និងអាមេរិក។ កូរ៉េខាងជើងក៏បានបង្កើនសកម្មភាពសមយុទ្ធយោធា នៅតាមតំបន់ជួរមុខផងដែរ។

/

នៅក្នុងសកម្មភាពមួយដើម្បីព្រមានទៅលើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៤សីហា កូរ៉េខាងជើង ក៏បានបាញ់កាំជ្រួចមួយគ្រាប់ចេញពីនាវាមុជទឹករបស់ខ្លួន។ កាំជ្រួចនេះ ហោះបានរយៈចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលក្នុងតំបន់តាមដានការពារដែនអាកាសរបស់ជប៉ុន។ មេដឹកនាំកូរ៉េខាងជើង បានហៅការបាញ់កាំជ្រួចនេះថា ជា “ជោគជ័យនៃជោគជ័យ” ដែលជាជំហានដ៏ធំមួយទាក់ទឹននឹងបច្ចេកវិទ្យាយោធា ដែលអនុញ្ញាតឱ្យកូរ៉េខាងជើង អាចវាយប្រហារទៅលើគោលដៅនៅលើដីគោករបស់អាមេរិក៕

ប្រែសម្រួល ៖ តារាប្រភព ៖ Independent, Yonhap