(បេកាំង)៖ នាយទាហានចិន​ម្នាក់ដែលមិនអាចទប់ចំណង់​បាន ក្នុងការបង្អួត​ក៏ដូចជាបង្ហាញ​អំពីលទ្ធផល​ដ៏គួរស្ញប់ស្ញែង​​ នៃការ​ធ្វើ​​លំហាត់​​ប្រាណ​​ជា​ប្រចាំ​​របស់ខ្លួន បានបង្ហោះទិន្នន័យ ​ពីកម្មវិធី​តាមដានសុខភាព​រាងកាយទៅ​លើបណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ទង្វើ​នេះ​​បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ ​​ចេញ​​នូ​វទីតាំង​នៃ​មូលដ្ឋានទ័ព​របស់ពលទាហាន​រូបនោះ​​ ដោយអចេតនា។ នេះបើតាមការ​ដកស្រង់ចេញ​ពីសារព័ត៌មាន​រុស្ស៉ី Sputnik នៅ​មុននេះបន្តិចនាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

ហេតុការណ៍នេះ​បានកើតឡើង​នៅក្នុងខេត្ត Fujian ដែលស្ថិតនៅ​តាមបណ្តាយឆ្នេរ​នៃប្រទេសចិន ខណៈ​ពេល​​គ្រូ​បង្ហាត់​ម្នាក់​​នៅឯ​មូលដ្ឋាន​​​យោធា ​​ដែល​​បែក​ធ្លាយ​​​ទីតាំង បានប្រទះ​ឃើញ​ពលទាហាន​មួយរូប​​បង្ហោះ​កំណត់ត្រា​ នៃការហ្វឹកហ្វឺន​ប្រចាំថ្ងៃ​របស់ខ្លួន ទៅលើបណ្តាញ​​សង្គម​ឈ្មោះ​ថា «WeChat» តាមរយៈកម្ម​វិធី​ពិនិត្យតាមដាន​ភាពរឹងមាំ​នៃកាយសម្បទា ដែលចង្អុលបង្ហាញពីទីតាំង និងតំបន់ស្ថិតនៅជុំវិញអ្នកប្រើ​ប្រាស់ ហើយលោកគ្រូបង្ហាត់ក៏បានស្នើ​ឲ្យពលទាហានរូបនោះ​ លុបព័ត៌មានទាំងអស់ចោលភ្លាមៗ ដោយសារ​វាបាន​បង្ហាញយ៉ាង​ច្បាស់​ពី​កន្លែង​​ ដែល​មូល​ដ្ឋានទ័ពរបស់ពួកគេតាំងនៅ ក៏ដូចជាអគារដទៃទៀត​ដែលនៅក្បែរទីនោះ។

ចាប់តាំងពីពេលមានរឿងហេតុនោះមក មូលដ្ឋានទ័ពខាងលើ​បានដាក់បំរាម ​មិនឲ្យមានការប្រើប្រាស់​ប្រព័ន្ធជីភី​អេស (GPS System) នៅលើ​កម្មវិធីទូរស័ព្ទដៃ និងឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ដែលអាចពាក់ជាប់​នឹងខ្លួនបានទៀតនោះឡើយ។

គួរបញ្ជាក់ដែរថា ​បើយោង​តាម​របាយ​ការណ៍​​ពី​នាយក​ដ្ឋាន​​សន្តិ​សុខ ​​នៃ​មូល​ដ្ឋាន​ទ័ព​​កើត​ហេតុ​ ចំនួនពល​ទាហាន​ប្រមាណ​ជា ៤៣​ភាគ​រយ​ដែល​ឈរ​​ជើង​នៅ​ទីនោះ ​ធ្លាប់បានប្រើប្រាស់កម្មវិធី​​តាមដាន​ពិនិត្យ​ភាពរឹងមាំ​នៃកាយសម្បទា ហើយកងទ័ពចិន​នៅ​ទូទាំង​ប្រទេស​វិញ ​​ត្រូវ​បាន​ព្រ​មាន​អំពីហានិភ័យ​​នៃការបែកធ្លាយ​ការសម្ងាត់​​យោធា ដោយសារ​តែការប្រើប្រាស់​កម្មវិធីទាំងអស់​នោះ និងការបង្ហោះលទ្ធផល នៃការធ្វើលំហាត់​ប្រាណរបស់ពួកគេ នៅ​លើបណ្តាញ​ទំនាក់ទំនង​សង្គម៕

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី