​​កាលពី​ម្សិលមិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ចោទប្រកាន់​ម្តាយ​ ​និង​កូនស្រី​ម្នាក់​ ​ពី​បទ​ឃាតកម្ម​លើ​ស្វាមី​របស់​ខ្លួន​ ​នៅ​ខណ្ឌ​សែនសុខ​។​​លោក​ ​ជួន​ ​សុ​ខ​ឃៀង​ ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែនសុខ​បាន​ឲ្យដឹង​ថា​ ​ជនជាប់ចោទ​ឈ្មោះ​ ​គង់​ ​ធីតា​ ​អាយុ​ ​៥២ឆ្នាំ​ ​រស់នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​ ​និង​កូនស្រី​របស់​គាត់​ឈ្មោះ​ ​ងុយ​ ​សុ​ម៉ា​រី​ ​អាយុ​ ​២០ឆ្នាំ​ ​ដែល​រស់នៅ​ក្នុង​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​។​​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា​ ​គីម​ ​យុទ្ឋ​ ​មុខរបរ​ជា​អ្នក​គួ​ក​ជេ​ដី​ ​អាយុ​ ​២៩ឆ្នាំ​ ​និង​ជា​ប្តី​របស់​នាង​ ​សុ​ម៉ា​រី​។​​លោក​ ​សុ​ខ​ឃៀង​ ​បាន​មានប្រសាសន៍​ថា​ ​លោកស្រី​ ​ធីតា​ ​និង​នាង​ ​សុ​ម៉ា​រី​ ​ត្រូវ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ដោយចេតនា​ ​ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ​ ​១៥ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទា​ទោស​។​​/​ពួកគេ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃសុក្រ​ ​បន្ទាប់ពី​សម្លាប់​ជនរងគ្រោះ​ដោយ​កាំបិតបុ័ងតោ​ ​និង​កាំបិត​ចិតបន្លែ​ ​នៅក្នុង​ផ្ទះ​ជួល​របស់​ជនរងគ្រោះ​ ​នៅ​សង្កាត់​ទឹកថ្លា​។​ ​លោក​បាន​កត់សម្គាល់​ថា​ពួកគេ​បាន​កាប់​ចាក់​លោក​ ​យុទ្ធ​ ​ជាច្រើន​កាំបិត​រហូតដល់​ស្លាប់​។​​​លោក​ ​ហួត​ ​សុខ​ជា​ ​មន្ត្រី​នគរបាល​សង្កាត់​ទឹកថ្លា​ ​បាន​មានប្រសាសន៍​ថា​ ​លោក​ ​យុទ្ធ​ ​និង​នាង​ ​សុ​ម៉ា​រី​ ​បាន​រៀបការ​កាលពី​ថ្ងៃទី​ ​២៦​ ​ខែមករា​ ​ឆ្នាំ២០១៩។​​បន្ទាប់ពី​រៀប​អាពាហ៍​ពិពាហ៍​ ​ពួកគេ​បាន​ផ្លាស់ទៅ​នៅផ្ទះ​ជួល​មួយ​ ​ក្នុង​សង្កាត់​ទឹកថ្លា​។​ ​ប៉ុន្តែ​ពួកគេ​មិនបាន​ចុះ​អេតាស៊ីវិល​ ​(​សំបុត្រ​អាពាហ៍​ពិពាហ៍​)​ ​ទេ​។​​​លោក​ ​សុខ​ជា​ ​បាន​កត់សម្គាល់​ថា​ ​នាង​ ​សូ​ម៉ា​រី​ ​តែងតែ​អង្វរ​ស្វាមី​របស់​នាង​ទៅចុះ​អេតាស៊ីវិល​ ​ដើម្បីឲ្យ​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​បាន​ទទួលស្គាល់​ជា​ផ្លូវច្បាប់​។​ ​ប៉ុន្តែ​ជនរងគ្រោះ​បាន​បដិសេធ​ការ​សុំ​របស់​នាង​ ​ហើយ​សន្យា​ថា​នឹង​ចុះទៅ​ចុះ​អេតាស៊ីវិល​នៅ​ ​២ឆ្នាំក្រោយ​បន្ទាប់ពី​ពួកគេ​អាច​រក​ប្រាក់​បាន​គ្រប់គ្រាន់​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។​​​នាង​ ​សុ​ម៉ា​រី​ ​មិន​សប្បាយចិត្ត​ចំពោះ​ការសម្រេច​ចិត្ត​របស់​ស្វាមី​ទេ​ ​ហើយ​សង្ស័យ​ថា​គាត់​បោកប្រាស់​នាង​។​​លោក​បាន​រៀបរាប់​ថា​ ​នៅ​ថ្ងៃកើត​ហេតុ​នោះ​ ​លោក​ ​យុទ្ធ​ ​មាន​ជំងឺ​គ្រុនក្តៅ​ ​សម្រាក​នៅផ្ទះ​។​ ​នាង​ ​សុ​ម៉ា​រី​ ​មិន​យកចិត្ត​ទុកដាក់​ថែ​ទាំ​ចំពោះ​គាត់​ទេ​ ​ហើយ​បាន​ទូរស័ព្ទ​ហៅ​លោកស្រី​ ​ធីតា​ ​ដែល​ជា​ម្តាយ​របស់​នាង​ឲ្យ​មក​ជួយ​មើលថែ​ស្វាមី​ខ្លួន​។​​​នៅ​ប្រហែល​ម៉ោង​ ​១០ព្រឹក​ ​នាង​ ​សុ​ម៉ា​រី​ ​សុំ​ប្រាក់​មួយ​ម៉ឺន​រៀល​ពី​លោក​ ​យុទ្ធ​ ​ដើម្បី​ទិញ​ម្ហូបអាហារ​។​ ​លោក​ ​យុទ្ធ​ ​បដិសេធ​មិន​ឲ្យ​លុយ​នាង​ហើយក៏​ឈ្លោះប្រកែក​គ្នា​។​​​លោក​ ​សុខ​ជា​ ​បាន​និយាយ​ថា​ ​”​ក្នុង​ពេល​ឈ្លោះប្រកែក​គ្នា​ជនរងគ្រោះ​ ​បាន​វាយ​ប្រពន្ធ​របស់​គាត់​ ​ហើយ​ច្របាច់ក​ ​ប៉ុនប៉ង​សម្លាប់​នាង​”​។​ ​នាង​បាន​ស្រែក​ឲ្យ​ម្ដាយ​ជួយ​។​ ​បន្ទាប់ពី​បានឮ​សម្លេង​កូន​ស្រែក​ឲ្យ​ជួយ​ ​ម្តាយ​បាន​យក​កាំបិតបុ័ងតោ​ចេញពីផ្ទះ​បាយ​ ​ហើយ​រត់​យ៉ាង​លឿន​ទៅ​ជួយ​កូនស្រី​របស់​គាត់​។​ ​បន្ទាប់មក​គាត់​បាន​កាប់​ទៅលើ​ក្បាល​ជនរងគ្រោះ​ជាច្រើន​កាំបិត​ ​រហូតដល់​គាត់​បាត់បង់​ស្មារតី​ ​”​។​ ​ពេល​ដែល​ជនរងគ្រោះ​ដួលសន្លប់​ ​ប្រពន្ធ​គាត់​បាន​យក​កាំបិត​ចិត្ត​បន្លែ​ ​ចាក់​ជនរងគ្រោះ​ចំនួន​ ​បី​កាំបិត​ចំ​បរិវេណ​ពោះ​ ​រហូតដល់​ស្លាប់​។​​​លោក​ ​សុខ​ជា​ ​បាន​និយាយ​ថា​ ​បន្ទាប់ពី​សម្លាប់​ជនរងគ្រោះ​ ​ពួកគេ​បាន​លើក​សាកសព​ទៅ​លាក់​កន្លែង​មួយផ្សេងទៀត​ ​ហើយ​យក​ភួយ​គ្រប​ពីលើ​។​​នៅ​វេលា​ម៉ោង​ប្រហែល​ ​១០​ ​យប់​ថ្ងៃ​ដដែល​ ​ពួកគេ​ទាំងពីរ​នាក់​ម្តាយកូន​ ​បាន​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកថ្លា​ ​ហើយ​បាន​សារភាព​ថា​ ​បាន​សម្លាប់​ជនរងគ្រោះ​។​​​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួកគេ​ ​ហើយ​បន្ទាប់មក​បាន​នាំ​លោកស្រី​ ​ធីតា​ ​និង​នាង​ ​សុ​ម៉ា​រី​ ​មក​ផ្ទះ​ដើម្បី​ពិនិត្យមើល​កន្លែង​កើតហេតុ​ ​នៅ​ទីនោះ​សមត្ថកិច្ច​បាន​រឹបអូស​បាន​កាំបិតបុ័ងតោ​មួយ​ ​និង​កាំបិត​ចិតបន្លែ​មួយ​ផង​ដែរ​ ៕​

/

ប្រភព ៖​ ខ្មែរថាម