ភ្នំពេញៈ  អ្នកបើកបររថយន្ដ តាក់ស៊ីម៉ែត្រ ក្រុមហ៊ុន ឆយ បានសាកកំលាំង ក្បាច់គុណ ជាមួយ បុរសលក់សាច់ ជ្រូកខ្វៃ ហើយលទ្ធផល របួសរៀងៗខ្លួន ហើយ ទីបំផុតត្រូវសមត្ថកិច្ចចាប់ដាក់ ខ្នោះដៃ យកទៅដេកពេទ្យ គ្រែក្បែរគ្នា ដើម្បីព្យាបាលរបួសសិន មុនផ្ដើមដោះស្រាយទំនាស់ នេះដើម្បីរកឲ្យឃើញថា ភាគីណាមួយ ទើបជា អ្នកខ្លាំងយ៉ាង ពិតប្រាកដ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅលើដងផ្លូវលេខ២០០២ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ។ ភាគី ដែលជាអ្នកបើកបរ រថយន្ដតាក់ស៊ីឆយ មានឈ្មោះ សំ ឡី ឫទ្ធី អាយុ៣១ឆ្នាំ មច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៩៤ ក្រុម៤  សង្កាត់ ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ត្រូវរបួសបែកមាត់និងច្រមុះ។ ចំណែកភាគីម្ខាងទៀតឈ្មោះ លី សុម៉ាណែក អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នក លក់សាច់ ជ្រូកខ្វៃ នៅជិត ស្ដុបទេពផន មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៤៥ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលមូលដ្ឋាន បានរាយការណ៍ឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើកតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុនឆយ ពាក់ស្លាកលេខភ្នំពេញ 2Q-1091 បើកបរស្របទិសគ្នា ជាមួយ បុរសអ្នកលក់សាច់ជ្រូកខ្វៃ ជិះម៉ូតូម៉ាក ស្មាស់ ក្នុងទិសដៅពីកើតទៅលិច។ ពេលមកដល់ចំណុច ក្លឹបកំសាន្ដវាត់ធរ័ផាក តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី  រួចបានគៀរម៉ូតូឲ្យឈប់ ដោយចោទប្រកាន់ថា បុសអ្នកលក់សាច់ជ្រូកខ្វៃ បានគប់រថយន្តរបស់ខ្លួន ប៉ុន្ដែអ្នកជិះម៉ូតូមិនឈប់ក៍បើករថយន្ដដេញ តាម មកដល់ ផ្លូវលេខ២០០២ កន្លែងកើតហេតុអ្នកទាំងពីរ ក៍ឈប់ដំណើរ ទើបមានទំនាស់ពាក្យសម្ដី រហូតទៅដល់វាយតប់គ្នា ទៅវិញទៅមក។

នគរបាល បានឲ្យដឹង ទៀតថា ពេលនោះភាគីខាងរថយន្ដ តាក់ស៊ីបានយកអាយកូម វាយទៅលើក្បាល របស់បុរសលក់ជ្រូកខ្វៃ ដែលក្នុងដៃ មានបីកូនតូចអាយុ ទើបតែជាងមួយខួបផង បណ្ដាលឲ្យបែកក្បាលហូរ ឈាម។ ក្រោយត្រូវគេវាយ អ្នកលក់ជ្រូកខ្វៃ បានយកកូនទៅផ្ញើ អ្នកដែលចោមរោម មើលហេតុការណ៍ នេះហើយក៍ស្ទុះ ទៅវាយ តបត វិញ បណ្ដាលអ្នកបើកតាក់ស៊ីបែកមាត់ និងច្រមុះ។ ទំនាស់នេះមិនទាន់ចប់ដោយងាយទេ ពួកគេទាំងពីរ បានហៅបក្ខពួកមកជួយ តែរៀងៗខ្ងួន ទោះជាសមត្ថកិច្ចហាម និងចុះទៅអន្ដរាគមន៍ក៍ដោយ ដោយសារអ្នកទាំង២សុទ្ធតែ ខ្លាំង អាងបក្ខពួកដូចគ្នា ទីបញ្ចប់សមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ សម្រេចវាយ ខ្នោះអ្នក ទាំងពីរ ដឹកយកទៅពេទ្យ ដើម្បីព្យាបាល របួសឲ្យហើយសិន មុនបន្ដចាត់ការរឿងនេះ ដើម្បីរកឲ្យឃើញតើភាគីតាក់ស៊ីម៉ែត្រ ជាអ្នកខ្លាំង ឫខាងអ្នកលក់ជ្រូកខ្វៃជាអ្នកខ្លាំង។

ព័ត៌មានចុងក្រោយ ពីសមត្ថកិច្ច ភាគីទំនាស់ទាំងពីរត្រូវ យកចេញពីមន្ទីរពេទ្យព្រះកុសុមៈ ហើយ កាលពីព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៣ ហើយកំពុងធ្វើការសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

/

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល