បាងកកប៉ុស្តិ៍៖ សម្រាប់ការរង់ចាំ នៃការបាញ់ សាកល្បងគ្រាប់ម៉ីស៊ីល របស់កូរ៉េខាងជើង ដែលជាកត្តា ធ្វើឲ្យកង ទ័ព កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែបន្ត រឹតបន្តឹងស្ថានការណ៍ ប្រុងប្រយ័ត្ន អស់រយៈពីរសប្តាហ៍ កន្លង មកហើយនោះ ហើយការសាកល្បងនោះ ប្រហែលជាអូសបន្លាយរហូតដល់ខែកក្កដា ផងដែរ។ នេះបើតាមការ លើក ឡើង របស់មន្រ្តីក្រសួងការពារជាតិ កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ។

យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃចន្ទ ទី២២ ខែមេសានេះថា ទីភ្នាក់ងារស៊ើបការណ៍ កូរ៉េ ខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបញ្ជូនមីស៊ីលផ្លោងមួយចំនួន ទៅកាន់ឈូង សមុទ្រភាគខាងកើត ប្រទេស ដើម្បីបង្ហាញពីការប្រុងប្រៀបជាក់ស្តែង សម្រាប់ចាប់ផ្តើមបាញ់ ក្នុងចំណោមភាពតានតឹង នៅឧបទ្វីប កូរ៉េនេះ។

កូរ៉េខាងជើងមានទម្លាប់មួយក្នុងការភ្ជាប់ទំនាក់ទំនងនឹងការធ្វើការសាកល្បងយោធាជាន់ខ្ពស់ជាមួយនឹងកាលបរិច្ឆេទសំខាន់ ជាមួយនឹងយុទ្ធសាស្រ្តជំនាញជាច្រើនទៀត ដែលគេព្យាករណ៍ថា ការសាកល្បងប្រហែលជានឹង ត្រូវធ្វើឡើងនៅ ថ្ងៃទី១៥ ខែមេសា ដែលថ្ងៃកំណើតរបស់ស្ថាបនិកកូរ៉េខាងជើង គឺលោក គីម អ៊ីលស៊ុង។

អ្នកនាំពាក្យរបស់មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក គីម មីនសឿក ដែលគេបញ្ជាក់ថា កាលបរិច្ឆេទបី នឹងត្រូវចូលមកដល់ ក្នុងនោះរួមមាន ថ្ងៃទី២៥ ខែមេសាខាងមុខនេះ ជាថ្ងៃរំឮកខួបសា្ថបនិក កងកម្លំាងប្រជាជន កូរ៉េ នៅថ្ងៃទី៣០ ខែមេសា ជាថ្ងៃបញ្ចប់ការធ្វើសមយុទ្ធរបស់ប្រទេសកូរ៉េខាងត្បូង នឹង សហរដ្ឋអាមេរិកផងដែរ។

ចំពោះថ្ងៃដែលអាចមានលទ្ធភាពមួយផ្សេងទៀត លោក គីម បាននិយាយថា ថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះគឺជា ថ្ងៃបុណ្យខួបនៃ យុទ្ធសន្តិភាព ជាថ្ងៃបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ ១៩៥៣។

លោក គីម បន្តថា «វាមានសក្តានុពលនៃកាលបរិច្ឆេទទាំងបីនេះ ប៉ុន្តែគ្មាននរណាម្នាក់អាចព្យាករណ៍ ពិតប្រាកដ ពី ទិសដៅអ្វីដែលកូរ៉េខាងជើង នឹងចាត់វិធានការនោះទេ»។

គួរបញ្ជាក់ផងដែរថា ការសាកល្បងត្រូវគេរំពឹងថា មីស៊ីលរយៈចម្ងាយមធ្យមប្រភេទ មូស៊ូដែន អាចបាញ់បាន រយៈចម្ងាយពី ២.៥០០គីឡូម៉ែត្រ ទៅ៤.០០០ គីឡូម៉ែត្រ គឺសមល្មមនឹងទៅដល់កូរ៉េខាងត្បូង ជប៉ុន ហើយក៏អាច ទៅដល់កោះហ្គូម ដែលជាមូលដ្ឋានយោធារបស់អាមេរិក នៅមហាសមុទ្រ ប៉ាស៊ីហ្វិចផងដែរ ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល