និយាយដល់អាចម៍ផ្កាយ លោកអ្នកប្រហែលជាគិតដល់គ្រោះមហន្តរាយដែលបណ្ដាលឱ្យដាច់ពូជដាយណូស័រ។ ប៉ុន្តែ វាជារឿងដ៏កម្រមួយ ហើយអាចម៍ផ្កាយនោះ ត្រូវតែមានអង្កត់ផ្ចិតឡើងដល់រាប់រយគីឡូម៉ែត្រ។

ដូច្នេះ បើសិនអាចម៍ផ្កាយមួយដែលមានអង្កត់ផ្ចិតខ្លី គឺប្រហែលពីរបីរយម៉ែត្រ ធ្លាក់ទៅក្នុងមហាសមុទ្រ តើវានឹងមានបញ្ហាអ្វីខ្លះកើតឡើង? ករណីនេះពិតជាអាចកើតឡើង ព្រោះថា នៅក្នុងឆ្នាំ ២០២៦ អាចម៍ផ្កាយ Apophis ដែលមានអង្កត់ផ្ចិត ២៧០ម៉ែត្រ អាចនឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ អាចម៍ផ្កាយនេះ មានកម្លាំងខ្លាំងជាង ២៦.០០០ដង បើធៀបនឹងគ្រាប់បែកបរមាណូ ដែលត្រូវគេទម្លាក់ទៅលើក្រុង Hiroshima។ ថ្ងៃនេះ យើងទាំងគ្នានឹងទៅស្វែងរកចម្លើយសម្រាប់បញ្ហានេះ ដោយយោងទៅលើលទ្ធផលបានមកពីការពិសោធនៅក្នុងបន្ទប់ពិសោធជាតិ Los Alamos អាមេរិក។
ដោយសារតែ ៧០% នៃផ្ទៃរបស់ផែនដីគឺជាទឹក ដូច្នេះ ការដែលអាចម៍ផ្កាយធ្លាក់ចូលទៅក្នុងសមុទ្រគឺជារឿងអាចនឹងកើតមាន។
បើសិនជាធ្លាក់ទៅលើដី អាចម៍ផ្កាយនេះនឹងបង្កើតបានជារណ្ដៅដ៏ធំមួយដែលអាចលេបយកទីក្រុងមួយបាន។ តែបើសិនអាចម៍ផ្កាយនេះ ធ្លាក់ទៅក្នុងសមុទ្រ វានឹងមានពីរឥទ្ធិពល ៖ ១.បណ្ដាលឱ្យទឹកនៅក្នុងតំបន់ដែលអាចម៍ផ្កាយធ្លាក់ ខ្ទាតមកជុំវិញ ទន្ទឹមខ្យល់កន្ត្រាក់កើតឡើង និងទី២គឺ ទឹកត្រូវហួតទៅក្នុងបរិយាកាស ព្រោះតែកំដៅកើតឡើង បន្ទាប់ពីអាចម៍ផ្កាយកកិតជាមួយខ្យល់ក្នុងស្រទាប់អូហ្សូន។ សូមស្វែងយល់ទាំងអស់គ្នា។
១.ទឹកនៅក្នុងតំបន់ដែលអាចម៍ផ្កាយធ្លាក់ ខ្ទាតមកជុំវិញ ទន្ទឹមខ្យល់កន្ត្រាក់កើតឡើង
បើទោះជាការធ្លាក់អាចម៍ផ្កាយទៅក្នុងសមុទ្រអាចបង្កជារលកយក្ស ដែលមានកំពស់រាប់រយម៉ែត្រ ឬឡើងដល់គីឡូម៉ែត្រ ប៉ុន្តែ លុះត្រាតែករណីនេះកើតឡើងនៅក្បែរឆ្នេរសមុទ្រ ហើយលទ្ធផលនៃការពិសោធក្នុងបន្ទប់ពិសោធ ឱ្យឃើញថា វាមិនមានលទ្ធភាពច្រើនក្នុងការបង្កើតជារលកយក្ស វាយកំទេចតំបន់ឆ្នេរសមុទ្រនោះទេ។
នោះគឺព្រោះតែរលកកន្ត្រាក់ដែលកើតពីការប៉ះទង្គិចនៃអាចម៍ផ្កាយ មានលក្ខណៈខ្លី។ ប្រការនេះ មានន័យថា បរិមាណទឹកដែលខ្ទាតចេញមកជុំវិញពីចំនុចកណ្ដាលនឹងមិនបោកបក់ទៅឆ្ងាយ។
តែបើសិនអាចម៍ផ្កាយធ្លាក់ជិតឆ្នេរ (ប្រហែលពី ១០ទៅ២០គីឡូម៉ែត្រពីឆ្នេរ) នោះលទ្ធផលអាក្រក់នឹងកើតឡើង ៖ ទឹកជំនន់ធំ កំដៅកើនឡើងភ្លាមៗ ហើយខ្យល់មានកម្លាំងខ្លាំងស្មើនឹងព្យុះ។
២.ទឹកហួតទៅក្នុងបរិយាកាស នៅចំពោះមុខកំដៅរបស់អាចម៍ផ្កាយដែលកើតឡើងដោយសារការកកិតជាមួយស្រទាប់អូហ្សូន
ការប៉ះទង្គិចរវាងអាចម៍ផ្កាយនឹងទឹកសមុទ្រ អាចនឹងធ្វើឱ្យទឹករាប់លានតោនត្រូវហួតទៅក្នុងបរិយាកាស។ នៅក្នុងការពិសោធ ទឹកត្រូវហួត ២៥០លានតោន។
ការពិសោធនេះ គឺ “អនុវត្ត” ចំពោះតែអាចម៍ផ្កាយតូចៗប៉ុណ្ណោះ។ អាចម៍ផ្កាយខ្នាតតូច អាចបង្កជារលកយក្ស ប៉ុន្តែវាមានគ្រោះថ្នាក់តិចជាងអាចម៍ផ្កាយខ្នាតធំ។
ការពិសោធខាងលើនេះ ទើបត្រូវបានធ្វើបទបង្ហាញនៅក្នុងសន្និសីទ American Geophysical Union នៅ San Francisco អាំមេរិក៕
ប្រែសម្រួល ៖ តារាប្រភព ៖ Khoahoc