កប៉ាល់ចាប់ត្រីរាប់ម៉ឺនគ្រឿងរបស់ចិន កំពុងត្រៀមខ្លួនចូលមកកាន់សមុទ្រចិនខាងត្បូង ខណៈពេល ការហាមឃាត់ចាប់ត្រីដែលប្រទេសនេះបានដាក់បំរាមតែឯង អស់សុពលភាពនៅវេលាម៉ោង ១២ ថ្ងៃទី ១សីហា។

ទំព័រ Chinanews បានចេញផ្សាយថា កប៉ាល់រាប់ម៉ឺនគ្រឿងរបស់ខែត្រចំនួនបី គឺ ខែត្រ ហៃណាន ក្វាងតុង និងក្វាងស៊ី បានត្រៀមប្រេង និងអាហារគ្រប់គ្រាន់ ហើយកំពុងរង់ចាំការហាមឃាត់ចាប់ត្រី អស់សុពលភាព ដើម្បីសម្រុកចូលសមុទ្រចិនខាងត្បូង។ ប្រទេសចិន កាលពីខែឧសភា បានចេញបញ្ជា ហាមមិនឱ្យចាប់ត្រីនៅលើសមុទ្រចិនខាងត្បូង ចាប់ពីវេលាម៉ោង ១២ នៃថ្ងៃទី ១៦ឧសភា ដល់វេលាម៉ោង ១២ នៃថ្ងៃទី ១សីហា ឆ្នាំ ២០១៦។
ប៉ុន្តែ ដោយសារឥទ្ធិពលរបស់ព្យុះ នីណា ដែលកំពុងវាយលុកសមុទ្រចិនខាងត្បូង ដូច្នេះ មានតែកប៉ាល់វាយត្រីនៅក្បែរឆ្នេរ ទើបចាប់ផ្ដើមចេញចាប់ត្រី ចាប់ពីថ្ងៃត្រង់ នៃថ្ងៃទី ១សីហានេះ។ ចំណែកកប៉ាល់ដែលចាប់ត្រីឆ្ងាយពីឆ្នេរ គឺត្រូវរង់ចាំដល់ព្យុះអស់ឥទ្ធិពល ឬចាប់ពីថ្ងៃទី ៥សីហា។
ប្រទេសចិន បានចេញសេចក្ដីប្រកាសនូវបំរាមហាមមិនឱ្យចាប់ត្រីរបស់ប្រទេសចិន នេះគឺត្រូវអនុវត្តទាំងកប៉ាល់នេសាទរបស់ចិន និងទាំងកប៉ាល់របស់បរទេស។ នៅក្នុងអំឡុងពេលអនុវត្តនូវបំរាមនេះ ចិនក៏បានប្រកាសប្រើប្រាស់នាវាល្បាតដើម្បីត្រួតពិនិត្យ ចាប់ឃាត់ និងពិន័យចំនួនកប៉ាល់ណាដែលបានបំពានបំរាមនេះ។

ផែនទីសមុទ្រចិនខាងត្បូង
ចាប់តាំងពីឆ្នាំ ១៩៩៩ ប្រទេសចិន ជារៀងរាល់ឆ្នាំ សុទ្ធតែបានចេញបំរាមមិនឱ្យចាប់ត្រីនៅលើសមុទ្រចិនខាងត្បូង ដែលតំបន់ដែលចិនប្រកាសថាជាទឹកដីរបស់ខ្លួន ដោយមិនអើពើដល់ការប្រឆាំងពីប្រទេសពាក់ព័ន្ធក្នុងតំបន់។