ថ្មីៗនេះ រូបភាពនៃហាងមួយ របស់ក្រុមហ៊ុនអ៊ីនធឺរណែត អ៊ីតាលី ដែលដាក់តាំង iPhone 6 បានបង្ហាញខ្លួននៅលើ អ៊ីនធឺរណែត។ ស្មាតហ្វូននេះ អាចនឹងត្រូវបានលក់ក្នុងតម្លៃថ្លៃ នៅអឺរ៉ុប។

/

នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ Apple នឹងឧទ្ទេសនាមជាផ្លូវការនូវម៉ូដែល iPhone ថ្មីរបស់ខ្លួន ដូច្នេះ នៅលើទំព័រសារព័ត៌មាននានា មានការចុះផ្សាយកាន់តែច្រើន ស្ដីអំពីស្មាតហ្វូននេះ ក្នុងនោះក៏មាន iPhone ក្លែងក្លាយដំណើរការដោយ Android ឬក៏រូបភាពកំណែ mock up ពីបណ្ដាប្រទេសនានា។

/

កន្លងទៅនេះដែរ នៅលើអ៊ីនធឺរណែត មានរូបភាពមួយនៃហាងទូរស័ព្ទរបស់ក្រុមហ៊ុនអ៊ីនធឺរណែត TIM Mobile នៅអ៊ីតាលី គេឃើញមានដាក់តាំងស្មាតហ្វូនមួយប្រភេទ ដែលដូចទៅនឹងរូបភាពបែកធ្លាយនៃ iPhone 6 ក្នុងរយៈពេលកន្លងមក រួមនឹងឧបករណ៍មួយចំនួន ក្នុងទូរកញ្ចក់។ តាមការសន្និដ្ឋាន នេះអាចគ្រាន់តែជាកំណែក្លែងក្លាយ ដំណើរការដោយ Android យកគំរូតាម iPhone 6 តែប៉ុណ្ណោះ។

/

ចំណែកទំព័រ nowhereelse បានចេញផ្សាយនូវបណ្ដារូបភាពមួយចំនួន ក្នុងនោះ មានបន្ទះដាក់ស៊ីម និងប៊ូតុង Home នៅលើស្មាតហ្វូនថ្មីរបស់ Apple ។ ទំព័រនេះក៏ឱ្យដឹងថា iPhone 6 នឹងមាន ៣ពណ៌ គឺ ពណ៌ប្រាក់ ពណ៌ប្រផេះ និងពណ៌ទឹកមាស។

/

ចំណែករូបភាពមួយទៀត បង្ហាញអំពីឡូហ្គូ របស់ Apple ៖ ឡូហ្គូត្រូវបានគេបោះពុម្ភដោយឡែក ជំនួសឱ្យការព្រីនផ្ទាល់នៅលើខ្នងទូរស័ព្ទ ដែលប្រការនេះ បញ្ជាក់ថា iPhone 6 នឹងមិនមានឡូហ្គូបញ្ចេញពន្លឺ ដូចទៅនឹងពាក្យចចាមអារ៉ាមនោះទេ។

/

ទំព័រ Phone Arena វិញ ឱ្យដឹងថា Apple កំពុងជជែកជាមួយ Telefonica ដែលជាក្រុមហ៊ុនអ៊ីនធឺរណែតមួយ នៅអឺរ៉ុប ដើម្បីចែកចាយ iPhone 6 កំណែ 4,7 inch ក្នុងតម្លៃ ៧៥០អឺរ៉ូ (ប្រហែល ៩៨៨ដុល្លារអាមេរិក) ដោយមិនមានភ្ជាប់ជាមួយនឹងកិច្ចសន្យាអ្វីទាំងអស់ ដូច្នេះ វាផ្ទុយទៅនឹងដំណឹងចចាមអារ៉ាមដែលថា iPhone 6 នឹងមានតម្លៃ ៦៥០ដុល្លារ នៅអឺរ៉ុប។

/

ចំណែក iPhone 6 កំណែ 5,5 inch វិញ ប្រភពសុំមិនបញ្ចេញឈ្មោះមួយ ឱ្យដឹងថា ក្រុមហ៊ុនអ៊ីនធឺរណែត Telefonica ដដែលនេះ នឹងដាក់លក់វា ក្នុងតម្លៃ ៩៥០អឺរ៉ូ (ប្រហែល ១.២៥២ដុល្លារ) ក្នុងមួយគ្រឿង៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Phone Arena