នាង Jia Jia អាចសន្ទនាកម្រិតស្រាលៗជាមួយនឹងមនុស្ស ហើយអាចសម្ដែងទឹកមុខ នៅពេលមានមនុស្សប្រាប់នាងឱ្យសម្ដែង ហើយអ្នកបង្កើតនាងជឿថា មនុស្សយន្ដ ដែលរស់រវើកដូចមានជីវិតនេះ នឹងអាចក្លាយជាពលករសិប្បនិម្មិតដ៏មានប្រយោជន៍ នៅក្នុងប្រទេសចិននាពេលអនាគត។

ដោយគេចាត់ទុកថា ជាមនុស្សយន្ដ ដែលមានលក្ខណៈសម្បត្ដិស្រដៀងនឹងមនុស្សដំបូងគេរបស់ចិន Jia Jia ត្រូវបានបង្ហាញឱ្យសាធារណជនឃើញ ជាលើកដំបូងដោយក្រុមវិស្វករ នៅសកលវិទ្យាល័យវិសាស្រ្ដ និងបច្ចេកវិទ្យាចិន។  

/

 លោក Chen Xiaoping ដែលជាប្រធានក្រុមវិស្វករ មើលទៅហាក់ដូចជាឪពុកដ៏មានមោទនភាពម្នាក់ ខណៈដែលរូបគាត់ និងមនុស្សយន្ដដំបូងគេរបស់គាត់ មានវត្ដមានកាលពីថ្ងៃចន្ទ នៅឯសន្និសីទសេដ្ឋកិច្ចមួយ ដែលរៀបចំឡើងដោយធនាគារយក្ស UBS ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ទំនើបរបស់ក្រុងសៀងហៃ។

លោក Chen ទាយទុកមុនថា រយៈពេលប្រហែល ១ ទសវត្សរ៍ មនុស្សយន្ដដ៏វៃឆ្លាត(artificially intelligent) ដូចជា Jia Jia នេះនឹងចាប់ផ្ដើមបំពេញការងារឥតជំនាញ នៅតាមភោជនីយដ្ឋាន គ្លីនិកសុខភាព មន្ទីរពេទ្យ និងតាមគេហដ្ឋាន ក្នុងប្រទេសចិន។

លោក Chen បាននិយាយថា ក្នុងរយៈពេល ៥-១០ ឆ្នាំខាងមុខ នឹងមានកម្មវិធីល្អជាច្រើនសម្រាប់បញ្ចូលទៅក្នុងខ្លួនមនុស្សយន្ដ។ ដោយមានសក់ខ្មៅរលោងក្រាលស្មា និងស្លៀកសំលៀកបំពាក់ប្រពៃណីចិន Jia Jia  មើលទៅហាក់ដូចជាមនុស្សពិត។ ក៏ប៉ុន្ដែភាពឆ្លាតឆ្លៀសរបស់នាងនៅមានកម្រិតនៅឡើយ ហើយសំនួរសាមញ្ញៗខ្លះ តែងធ្វើឱ្យនាងមិនអាចឆ្លើយបាន។

ទោះជាយ៉ាងណា លោក Chen និងក្រុមរបស់លោក បានវិវឌ្ឍខ្លួនយ៉ាងអស្ចារ្យ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ក្នុងការអភិវឌ្ឍភាពវៃឆ្លាតរបស់នាង។ នាងអាចឆ្លើយសំនួរបានយ៉ាងត្រឹមត្រូវអំពីអាកាសធាតុប្រចាំថ្ងៃ អាចសន្ទនាកម្រិតស្រាលៗជាមួយនឹងមនុស្ស  ​និងអាចស្គាល់ភេទប្រុស ឬស្រីនៃអ្នកសួរសំនួរមកនាង។

នាងបានសរសើរមនុស្សប្រុសម្នាក់ថា៖”អ្នកពិតជាសង្ហាណាស់” ប៉ុន្ដែនៅពេលគេសួរនាងវិញថា តើនាងមានមិត្ដប្រុស ឬនៅនោះ នាងបានឆ្លើយថា៖”ខ្ញុំចង់នៅលីវ ប្រសើរជាងមានមិត្ដប្រុស”។

បច្ចេកវិទ្យាទំនើប ត្រូវបានប្រើដើម្បីបង្កើតភាពវៃឆ្លាតសិប្បនិម្មិត(Artificial intelligent) ហើយផលិតផលបែបទំនើបនេះ បានដណ្ដើមយកកិត្ដិសព្ទ នៅឯពិព័រណ៌គ្រឿងអេឡិចត្រូនិច ក្នុងទីក្រុង Las Vegas កាលពីសប្ដាហ៍មុន។

ក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Hanson Robotics បានបង្ហាញមនុស្សយន្ដមួយ ដែលមានមុខមាត់ដូចលោកសាស្រ្ដាចារ្យ Einstein ដែលអាចសម្ដែងទឹកមុខដូចមនុស្សពិត និងអាចសន្ទនា និងបកស្រាយលម្អិតនូវមេរៀនទាក់ទងគណិតវិទ្យា និងវិទ្យាសាស្រ្ដ។  

Jia Jia មិនទាន់ឈានដល់កម្រិតនោះនៅឡើយទេ ប៉ុន្ដែលោក Chen បានស្រមៃមើលពីអនាគតដ៏ត្រចះត្រចង់សម្រាប់នាងឱ្យមានការរីកច្រើនបែបនោះ នៅក្នុងប្រទេសចិន។ លោក Chen បាននិយាយថា ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សប្រុសស្រីក្មេងៗរួចផុតពីការងារជាច្រើនដូចជា អ្នកបម្រើ ខណៈពេលដែលមនុស្សចាស់ជរា ត្រូវការដៃជំនួយបន្ថែមនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកសុខភាព បើទោះបីជាវាមិនមែនជាដៃមនុស្សក្ដី ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ dailysabah