ក្មេងស្រីអាយុ ៨ខែម្នាក់ បានរួចផុតពីសេចក្ដីស្លាប់ក្នុងគ្រោះអគ្គីភ័យមួយ ដោយសារបានសុនកជួយសង្គ្រោះ។

អគ្គីភ័យបានឆាបឆេះនៅវេលាម៉ង ២២និង៤៥នាទីនៃថ្ងៃទី ១៤សីហា នៅក្នុងផ្ទះរបស់អ្នកស្រី Erika Poremski ក្នុងតំបន់ Gough នៃទីក្រុង Baltimore រដ្ឋ Maryland អាមេរិក នេះបើតាម WBAL-TV ។ អ្នកស្រី Erika Poremski ពេលនោះ បានចេញផុតពីផ្ទះ និងបានឈានជើងចូលរថយន្ដ ទុកឱ្យកូនស្រី Viviana អាយុ៨ខែ នៅម្នាក់ឯង លើជាន់ទីពីរ។

/

កុមារី​អារយុ ៨ខែ ឈ្មោះ Viviana និង​សុនកដែលមានឈ្មោះថា Polo។ រូបភាព CBS News/Erika Poremski

អណ្ដាតភ្លើងបានឆាបឆេះយ៉ាងលឿន រហូតដល់ Poremski មិនអាចចូលទៅជួយកូនរបស់ខ្លួនបាន។ អ្នកស្រីបានព្យាយាមរុលចូលទៅក្នុងផ្ទះជាច្រើនដង តែមិនបានសម្រេច បណ្ដាលឱ្យអ្នកស្រី ត្រូវរលាកមុខនិងដៃ។ អ្នកស្រី Poremski ថ្លែងថា ៖ “ខ្ញុំបានឮសម្លេងកូនស្រីយំ ប៉ុន្តែ ខ្ញុំមិនអាចធ្វើអ្វីបាន”។

ពេលកងកម្លាំងពន្លត់អគ្គីភ័យ បានចូលទៅក្នុងផ្ទះដើម្បីស្វែងរក Viviana ពួកគេបានឃើញ Polo ដែលជាសុនករបស់គ្រួសារ កំពុងយកខ្លួនពាំងពីមុខដើម្បីការពារ Viviana នៅក្នុងបន្ទប់គេង។

អ្នកស្រី Poremski បន្តថា ៖ “វានៅក្នុងបន្ទប់ជាមួយ Viviana គឺវាមិនបានរត់ចុះពីជាន់ទីពីរដើម្បីគេចខ្លួននោះទេ”។ កងកម្លាំងពន្លត់អគ្គីភ័យ ជឿជាក់ថា Viviana នៅមានជីវិតគឺដោយសារសុនក ឈ្មោះ Polo នេះ ប៉ុន្តែ Polo បានបាត់បង់ជីវិតទៅហើយ។

ក្នុងគ្រោះអគ្គីភ័យនេះ កុមារី Viviana ត្រូវរលាកដៃ និងមុខ។ បច្ចុប្បន្ន នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

Samuel Johnson អ្នកនាំពាក្យរបស់មន្ទីរពន្លត់អគ្គីភ័យ Baltimore បានឱ្យដឹងថា ពួកគេកំពុងតែស្រាវជ្រាវរកមូលហេតុដែលនាំឱ្យមានគ្រោះអគ្គីភ័យនេះ។

ប្រែសម្រួល ៖ បុត្រា