អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយ កាលពីថ្ងៃពុធថា លោកប្រធានាធិបតី Donald Trump បានបដិសេធនូវការអញ្ជើញឱ្យថ្លែងសុន្ទរកថា ក្នុងអង្គពិធីសន្និបាតប្រចាំឆ្នាំរបស់សមាគមជាតិសម្រាប់ការរីកចម្រើននៃប្រជាជនស្បែកខ្មៅ(National Association for the Advancement of Colored People )។ សេតវិមាន មិនបានផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុនៅពីក្រោយ ដែលធ្វើឱ្យលោក Trump មិនចង់ថ្លែងទៅកាន់ក្រុមសិទ្ធិមនុស្ស ដែលមានអាយុកាល ១០៨ ឆ្នាំនេះនោះទេ។

លោកស្រី Sanders បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសន្និសីទកាសែតខ្លីមួយថា៖ ខ្ញុំយល់ឃើញថា ការអញ្ជើញនេះ ត្រូវបានលោកប្រធានាធិបតីបដិសេធសម្រាប់ឆ្នាំនេះ ។ លោកស្រីបន្ថែមថា ខណៈពេលលោក Trump មិនអញ្ជើញទៅចូលរួមថ្លែងសុន្ទរកថានៅក្នុងអង្គពិធីសន្និបាតនោះ សេតវិមាននឹងសប្បាយចិត្ត ក្នុងការជួបសំណេះសំណាលជាមួយក្រុមសិទ្ធិមនុស្សនោះ។ ចំពោះបញ្ហានេះ សមាគម NAACP មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអធិប្បាយនោះទេ ។

លោក Trump បានបដិសេធមិនអញ្ជើញចូមរួមថ្លែងសុន្ទរកថានៅឯអង្គពិធីសន្និបាត NAACP កាលពីឆ្នាំទៅមិញ ពីព្រោះសន្និបាតនោះ បានប្រារព្ធធ្វើឡើងស្របពេលគ្នា ជាមួយសន្និបាតរបស់គណបក្សសាធារណរដ្ឋ នៅរដ្ឋ Cleveland ជាកន្លែងដែលលោក ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សនេះ។ បណ្ដាអតីតបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ បានចូលរួមការប្រជុំប្រចាំឆ្នាំរបស់អង្គការសិទ្ធិជនស៊ីវិល ដែលមានវ័យចំណាស់ជាងគេ នៅសហរដ្ឋអាមេរិកនេះ។

/

បេក្ខជនប្រធានាធិបតីមុនៗ នៅក្នុងសេតវិមានដូចជា លោក បារ៉ាក់ អូបាម៉ា អ្នកប្រជាធិបតេយ្យនិយម និងលោក George W. Bush អ្នកសាធារណរដ្ឋនិយម លោកទាំងពីរបាន​ចូលរួមថ្លែងសុន្ទរកថា ទៅកាន់សមាគម NAACP ក្នុងអំឡុងពេលការកាន់តំណែងរបស់ពួកលោក។ អង្គសន្និបាត NAACP នៅឆ្នាំនេះ នឹងចាប់ផ្តើមប្រារព្ធធ្វើឡើង នៅថ្ងៃសៅរ៍ខាងមុខនេះ នៅក្នុងទីក្រុងបលធីម័រ។

នៅអំឡុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោក Trump បានសន្យាថា លោកនឹងធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ជនជាតិអាមេរិកស្បែកខ្មៅ ដែលបានបោះឆ្នោតគាំទ្រលោកយ៉ាងច្រើនកោះករ ប្រឆាំងនឹងគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារី គ្លិនតុន នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។

លោក Trump ត្រូវបានក្រុមអង្គការមួយចំនួន ធ្វើការគេរិះគន់ រួមទាំងអង្គការ Congressional Black Caucus  សម្រាប់ការមិនខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា នៅក្នុងសហគមន៍អាហ្វ្រិក-អាមេរិក ៕  

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Reuters