នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំឆ្នាំ ស្តីពីតម្លៃម៉ាកយីហោរបស់ Interbrand 2016 ចំណាត់ថ្នាក់ Top 3 ដំបូងគេនៅតែរក្សាដដែល មិនមានការផ្លាស់ប្តូរទេ ក្នុងរយះពេលពីរបីឆ្នាំកន្លងទៅថ្មីៗនេះ ដែលចំណាត់លេខ១ គឺនៅតែជាក្រុមហ៊ុន Apple បន្ទាប់មកលេខ២គឺ Google និងលេខ៣គឺ Cocacola។
ក្នុងនោះចំណាត់ថ្នាក់ពីរលេខកំពូលតារាង មានតម្លៃម៉ាកយីហោខ្ពស់ខ្លាំង បើប្រៀបធៀបទៅនឹងបណ្តាម៉ាកយីហោ នៃបណ្តាក្រុមហ៊ុនដទៃផ្សេងទៀត នៅក្នុងតារាងចំណាត់ថ្នាក់របស់ Interbrand 2016។ ជាក់ស្តែង Apple ទទួលបានតម្លៃម៉ាកយីហោ ១៧៨ពាន់លានដុល្លារអាមេរិច, Google បាន ១៣៣ពាន់លានដុល្លារអាមេរិច ចំណែកឯ Cocacola គឺ ៧៣ពាន់លានដុល្លារអាមេរិច ប៉ុណ្ណោះ។
ដូចបណ្តាឆ្នាំមុនៗ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែដណ្តើមបានចំណាត់ថ្នាក់ជាច្រើន នៅក្នុងតារាងចំណាត់ថ្នាក់តម្លៃម៉ាកយីហោនេះ។ ក្រៅពីក្រុមហ៊ុន Cocacola និង Toyota ក្រុមហ៊ុនចំនួន ៦ទៀត នៅក្នុង Top 8 គឺសុទ្ធតែជាបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។ អ្វីដែលគួរឲ្យកត់សំគាល់ជាងគេនោះគឺ ក្រុមហ៊ុន Facebook មានសន្ទុះនៃការកើនឡើងយ៉ាងខ្លាំង ដល់ទៅ ៤៨% នៃតម្លៃម៉ាកយីហោ។ ចំណែក Samsung វិញ ក៏នៅតែមានការកើនឡើងច្រើនគួរសម គឺចំនួន ១៤% ផងដែរ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៧ បើទោះបីជាក្រុមហ៊ុនត្រូវខាតបង់ច្រើន ស្តីពីបញ្ហាថ្មរបស់ Galaxy Note 7 ហើយត្រូវប្រមូលចូល និងប្តូរថ្មីឲ្យអតិថិជនវិញ យ៉ាងណាក្តី។
ឈរបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា គឺជាបណ្តាក្រុមហ៊ុនរថយន្ត ដែលមានសន្ទុះកើនឡើងច្រើន ក្នុងនោះមានក្រុមហ៊ុន Mercedes ដណ្តើមបានលេខរៀងទី៩ និង BMW បានលេខរៀងទី១១។ នៅក្នុងចំណោម Top 20 នៃតារាងចំណាត់ថ្នាក់ តម្លៃម៉ាកយីហោថ្លៃជាគេរបស់ Interbrand 2016 មានក្រុមហ៊ុនរថយន្តចំនួន៣ ក្រុមហ៊ុនអាហារចំនួន២ (McDonald, Cocacola), ក្រុមហ៊ុនកំសាន្ត Entertainment ចំនួន១ (Disney), ក្រុមហ៊ុន Fashion ចំនួន៣ (Nike, LV, H&M), និងក្រុមហ៊ុនបច្ចេកវិទ្យាចំនួន១១៕
- DxOMark វាយតម្លៃកាមេរ៉ារបស់ Google Pixel ជាកាមេរ៉ាស្មាតហ្វូន ល្អជាងគេបំផុតលើពិភពលោក ពេលបច្ចុប្បន្ននេះ
ប្រែសម្រួល៖ មង្គលប្រភព៖ Interbrand, Tinhte