អ្នកប្រើប្រាស់នៅអាស៊ីប៉ាស៊ីហ្វិក មានតម្លៃប្រហែលត្រឹមតែ ៧,៥ដុល្លារអាមេរិក នៅលើ Facebook ខណៈដែលនៅអាមេរិក អ្នកប្រើប្រាស់ម្នាក់មានតម្លៃដល់ទៅជាង ៦២ដុល្លារ។

/

ជាមធ្យម អ្នកប្រើប្រាស់ Facebook ម្នាក់ មានតម្លៃ ១៦ដុល្លារអាមេរិក។ តម្លៃនេះ មានភាពខុសគ្នាអាស្រ័យលើតំបន់និមួយៗ។ នៅអាមេរិក អ្នកប្រើប្រាស់ម្នាក់មានតម្លៃ ៦២,៦ដុល្លារ, នៅអឺរ៉ុប គឺ ១៨,៨៨ដុល្លារ, នៅអាស៊ីប៉ាស៊ីហ្វិក មានតម្លៃ ៧,៥៦ដុល្លារ និងមធ្យមភាគនៃតំបន់ក្រៅពីនេះ គឺមានតម្លៃ ៤,៨៤ដុល្លារ។

នេះគឺជាតួលេខដែលដកស្រង់ចេញពីរបាយការណ៍ត្រីមាសទី៣ឆ្នាំ២០១៦របស់ Facebook។ អ្នកប្រើប្រាស់នៅអាមេរិក និងកាណាដា មានតម្លៃថ្លៃជាង បើធៀបនឹងមធ្យមភាគនៃអ្នកប្រើប្រាស់ក្នុងពិភពលោក។

ប្រាក់ចំណូលរបស់ Facebook ភាគច្រើនបានមកពីការផ្សាយពាណិជ្ជកម្ម ដូច្នេះតួលេខខាងលើនេះក៏បង្ហាញអំពីទឹកប្រាក់ដែល Facebook ប្រមូលបាន នៅពេលដាក់ផ្សាយពាណិជ្ជកម្ម។

ការផ្សាយពាណិជ្ជកម្មក៏មានការប្រែប្រួលទៅតាមរដូវកាល ដូច្នេះ តួលេខនៃការប៉ានស្មានអំពីតម្លៃរបស់អ្នកប្រើប្រាស់ក្នុងត្រីមាសនិមួយៗ ក៏អាចនឹងមិនត្រឹមត្រូវទាំងស្រុង។ ឧទាហរណ៍ដូចជា ក្នុងត្រីមាសទី៤ គឺតែងតែជាពេលរកស៊ីដ៏ល្អបំផុតសម្រាប់ការផ្សាយពាណិជ្ជកម្ម ព្រោះថានេះគឺជារដូវកាលដែលមានបុណ្យច្រើន។

បើទោះជាអ្នកពេញចិត្ត ឬមិនពេញចិត្តចំពោះតម្លៃរបស់ខ្លួន ប៉ុន្តែ Facebook នៅតែមានការសប្បាយចិត្ត។ របាយការណ៍បានបង្ហាញថា Facebook រកបានប្រាក់ចំណូល ៧ពាន់លានដុល្លារក្នុងត្រីមាសទី៣ឆ្នាំ ២០១៦ ពោលគឺហួសពីការរំពឹងទុក៕

ប្រែសម្រួល ៖ តារាប្រភព ៖ globalnews