ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ស្កាយ កាលពី វេលាល្ងាច ថ្ងៃម្សិលមិញនេះ បាន ចេញផ្សាយ អត្ថបទអោយដឹងថា បេក្ខភាព ដែលជា អតីត បវរកញ្ញាឯក ប្រទេស វ៉េណេស៊ុយអេឡា រួម ទាំងស្វាមី ដែលជា ជនជាតិ អង់គ្លេស របស់នាង ត្រូវបាន ឧក្រិដ្ឋជន លបបាញ់សម្លាប់ ស្លាប់នៅពីមុខ កូនស្រីតូច វ័យ ៥ ឆ្នាំរបស់ពូកគេ ។
ប្រភព បន្តថា ជនរងគ្រោះ ដែលជា បេក្ខភាព អតីត បវរកញ្ញាឯក ប្រទេស វ៉េណេស៊ុយអេឡា រូបនេះ មានឈ្មោះ Monica Spear ខណៈពេល ស្វាមី ជាជនជាតិ អង់គ្លេសរបស់នាង មានឈ្មោះ Thomas Henry Berry ពួកគេ ទាំងពីរនាក់ ត្រូវបានក្រុមចោរ បាញ់សម្លាប់ អំឡុងពេល ដែលមានការចេញធ្វើ សកម្មភាព ឆក់ប្លន់ នៅតាមដងផ្លូវ ។
រដ្ឋាភិបាល ប្រចាំតំបន់ បានគូសបញ្ជាក់អោយដឹងថា ប្តីប្រពន្ធមួយគូនេះ ត្រូវបានរកអោយឃើញថាបាន ស្លាប់បាត់បង់ជីវិត នៅក្នុងរថយន្ត ក្នុងក្រុង Puerto Cabello ប្រទេស វ៉េណេស៊ុយអេឡា ។ ផ្ទុយទៅវិញ កូនស្រីវ័យ ៥ ឆ្នាំ របស់ពួកគេ មិនបានស្លាប់បាត់បង់ ជីវិត នោះទេ រំពេចនោះ ក៏មានការបញ្ជូននាងទៅ កាន់មន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន បន្តអោយដឹងថា ករណី បើកការវាយប្រហារ ឆក់ប្លន់ ពីសំណាក់ ក្រុមឧក្រិដ្ឋជន រហូតដល់ថ្នាក់ ប្រើជាអំពើហឹង្សា បាញ់បោះយ៉ាងដូច្នេះ អាចកើតឡើងទៅបាន ខណៈ ពេលដែលរថយន្តរបស់ពួកគេខូច និងអង្គុយរង់ចាំ រថយន្តមកសណ្តោង តែជាអកុសល ក៏បានកើតមាន ឡើងនូវ សោកនាដកម្មនេះផ្ទាល់ តែម្តង។
គួររំឭកផងដែរថា នាង Spear កាលពីពេលអតីតកាលកន្លងទៅនេះ នាងបានជាប់ជ័យលាភី ជាបវរ កញ្ញាឯក ប្រទេស វ៉េណេស៊ុយអេឡា នៅក្នុងអំឡុងឆ្នាំ ២០០៤ ខណៈពេលដែល មកទល់នឹងបច្ចុប្បន្ន ភាពនេះ នាងគឺជាតារាទូរទស្សន៍ល្បីមួយរូប ប្រចាំប្រទេស កំណើតរបស់ខ្លួន៕
ប្រែសម្រួល ៖កុសលប្រភព ៖ ស្កាយ