ក្រុមការងាររបស់ Apple បានជួបប្រជុំជាមួយនឹងក្រុមមន្ត្រីរដ្ឋាភិបាលនៃរដ្ឋ California ភិភាក្សាអំពីការនាំយករថយន្តស្វ័យប្រវត្ត របស់ Apple មកដំណើរការសាកល្បងជាក់ស្ដែង។
The Guardians បានឱ្យដឹងថា Apple ក្រុមការងាររបស់ Apple បានជួបប្រជុំជាមួយនឹងក្រុមមន្ត្រីរដ្ឋាភិបាលនៃរដ្ឋ California ភិភាក្សាអំពីការនាំយករថយន្តស្វ័យប្រវត្ត របស់ Apple មកដំណើរការសាកល្បងជាក់ស្ដែង។
ក្នុងកិច្ចប្រជុំនេះ តំណាងផ្នែកច្បាប់របស់ Apple បានជួបពិភាក្សាជាមួយតំណាងស្ថាប័នផ្នែកគ្រប់គ្រងយានយន្តរបស់រដ្ឋ California ដើម្បីស្នើសុំសាកល្បងរថយន្តស្វ័យប្រវត្ត នៅតាមដងផ្លូវ។

ការអនុញ្ញាតឱ្យបណ្ដារថយន្តស្វ័យប្រវត្ត រត់នៅតាមដងផ្លូវក្នុងក្រុង គឺមិនមែនជាបញ្ហាធម្មតានោះទេ ព្រោះវាទាក់ទិននឹងសុវត្ថិភាពរបស់ប្រជាជនដែលធ្វើដំណើរតាមដងផ្លូវ។ ដើម្បីទទួលបានការអនុញ្ញាត ក្រុមហ៊ុន Apple ត្រូវតែបង្ហើបទាំងស្រុងនូវឯកសារដែលទាក់ទិននឹងគម្រោងនេះ ទៅឱ្យអាជ្ញាធរបានដឹង ដើម្បីអាចវាយតម្លៃលើសមត្ថភាពរបស់រថយន្ត។
តំណាងអាជ្ញាធរ មិនបានប្រាប់ឱ្យដឹងអំពីខ្លឹមសារនៃកិច្ចប្រជុំខាងលើ ប៉ុន្តែ បានទទួលស្គាល់ថា Apple ចង់ពិនិត្យឡើងវិញអំពីច្បាប់ដែលទាក់ទិននឹងរថយន្តបើកបរដោយស្វ័យប្រវត្ត។ ដូច្នេះ ពាក្យចចាមអារ៉ាមស្ដីពីរថយន្តស្វ័យប្រវត្តរបស់ Apple កាន់តែមានមូលដ្ឋានហើយវានឹងក្លាយជាការពិត។
សកម្មភាពរបស់ Apple ថ្មីៗនេះ ដូចជា ការស្វែងរកទីតាំងសាកល្បងរថយន្ត ការជ្រើសរើស CEO Fiat Chrysler សម្រាប់គម្រោងថ្មី និងការសហការជាមួយក្រុមហ៊ុនរថយន្ត BMW គឺកាន់តែឱ្យគេដឹងថា គម្រោងរថយន្តស្វ័យប្រវត្ត របស់ Apple គឺមានពិតហើយរថយន្តទាំងនោះនឹងត្រូវបានគេយកមកសាកល្បងតាមដងផ្លូវនាពេលខាងមុខ។
ដូចទៅនឹងបណ្ដាផលិតផលមុននេះ ដូចជាស្មាតហ្វូន ឬនាឡិកាឆ្លាតវៃជាដើម បើទោះ មិនមែនជាអ្នកបង្កើតឡើងមុនគេ ប៉ុន្តែ Apple គឺជាអ្នកបង្កើតផលិតផលល្អបំផុត។ ដូច្នេះ គម្រោង រថយន្តស្វ័យប្រវត្តរបស់ក្រុមហ៊ុននេះ ប្រាកដជាទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សទូទាំងពិភពលោក ហើយគំរាមដល់ Google និងបណ្ដាក្រុមហ៊ុនរថយន្តផ្សេងៗ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ the gardian