ភ្នំពេញ : បុរស២នាក់បាន ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូទៅបុក ជាមួយនឹងរថយន្តរបស់ក្រុមហ៊ុន លក់ចំណីសត្វ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពោធិមៀវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលវេលាម៉ោង ៨និង២០នាទី ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៣។

ជនរងគ្រោះទាំង២នាក់ មានឈ្មោះ សឿន បូរ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ខេត្តកំពង់ស្ពឺ និងម្នាក់ទៀត ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជាជាងសំណង់ មានទីលំនៅភូមិឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមសេចក្តីរាយការណ៍ពី នគរបាលចរាចរស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរពីភ្នំពេញ ទៅកាន់អ្នកលឿង លុះ ពេលទៅដល់ចំណុចកើតហេតុខាងលើអ្នកបើកម៉ូតូ បានបើកវ៉ារថយន្តមួយគ្រឿង ក៏បុកនឹងរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-8904 បណ្ដាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែង បន្ទាប់ពីឃើញមានមនុស្សស្លាប់ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

បន្ទាប់ពីកើតហេតុ នគរបាលចរាចរស្រុកកៀនស្វាយបានយករថយន្តស៊ីរ៉ែនទៅអូសសណ្ដោងរថយន្តបង្កគ្រោះថ្នាក់នោះមកកាន់ អធិការដ្ឋាននគរបាលស្រុកបានប្រមាណជា៥-៦រយ ម៉ែត្រ រថយន្តបង្កគ្រោះថ្នាក់ បានឆាបឆេះចេញជាអណ្តាតភ្លើងឡើងតែម្តង ធ្វើឲ្យ មន្ត្រីនគរបាល២នាក់រងរបួសរលាកដៃបន្តិចបន្តួចផងដែរ។ ភ្លាមៗនោះដែរ សមត្ថកិច្ច បានហៅរថយន្តពន្លត់អគ្គីភ័យដែលប្រចាំការនៅសាលា ស្រុកកៀនស្វាយ ចេញធ្វើអន្តរាគមន៍ តែមិនអាចជួយសង្គ្រោះបានឡើយ ព្រោះអណ្តាលភ្លើងឆេះលឿនពេក។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានទំនាក់ទំនងទៅសាច់ញាតិ និងប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរៀងៗខ្លួន៕

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល