ក្រុមអ្នកវិទ្យាសាស្ដ្រចិន ទើបតែបានប្រកាសឱ្យដឹងថា បានរកឃើញវិធីធ្វើឱ្យអេក្រង់ស្មាតហ្វូន បង្ហាញរូបភាពបានច្បាស់ជាង រាប់លានដង បើប្រៀបធៀបនឹងអេក្រង់របស់ iPhone​ តាមរយៈការរួមផ្សំរវាងដីកម្រ និងពន្លឺភ្លឺឡាសែរ។

ដោយការប្រើប្រាស់ដីកម្រចំនួន ៦ប្រភេទ ក្រោយមក បញ្ចាំងភ្លឺឡាសែរចូល ក្រុមអ្នកវិទ្យាសាស្ដ្រ អាចបង្កើតឡើងវិញនូវវិសាលគមនៃពន្លឺដែលគេមើលឃើញ។ អេក្រង់ដែលធ្វើអំពីដីកម្រនេះ អាចមានដង់ស៊ីតេភិកសេលឡើងដល់ ៨៥០លាន ក្នុងមួយអ៊ិន្ឈ៍ ស្របពេលអេក្រង់ Retina របស់ Apple មានកម្រិតត្រឹមតែ ៣០០ដង់ស៊ីតេភិកសេលក្នុងមួយអ៊ិន្ឈ៍។

/

ប៉ុន្តែ សាស្ដ្រាចារ្យ Zhang Zhongping ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវនេះ បានអះអាងថា គេត្រូវចំណាយពេលអភិវឌ្ឍច្រើនបន្ថែមទៀត ទើបអាចបំពាក់អេក្រង់នេះនៅលើទូរសព្ទ។

អេក្រង់ Plasma និងអេក្រង់ LED បច្ចុប្បន្ន បញ្ចេញពណ៌បាន​ដោយការរួមផ្សំរវាងពណ៌ចំនួន៣​គឺក្រហម លឿង និងបៃតង ដែលបច្ចុប្បន្ន មិនទាន់មានសមត្ថភាពបង្ហាញវិសាលគមន៍នៃពណ៌របស់ពន្លឺដែលមើលឃើញ ដោយមិនមានការលាយបញ្ចូលគ្នារវាងពណ៌ ឬការចម្រាញ់ពណ៌។

ភិចសេលនៅក្នុងអេក្រង់របស់ដីកម្រ គឺដូចទៅនឹងប៉ោងប៉ោងតូចដែលមានពណ៌ចំនួន ៦ស្រទាប់ផ្សេងៗគ្នា ហើយនៅពេលបញ្ចាំងភ្លឺឡាសែរទៅលើវាពេលនោះ វាអាចបង្កើតបានជាពណ៌យ៉ាងច្រើនផ្សេងៗទៀត។

លោក Zhang Zhongping ថ្លែងថា ៖ ឧបសគ្គធំបំផុត គឺត្រូវរកឱ្យត្រូវធាតុនៃដីកម្រ និងគ្រប់គ្រងសមាសធាតុសំខាន់របស់វា។ ប្រសិនខុសធាតុ ឬសមាសធាតុមិនស្មើគ្នា ទោះតិច ឬច្រើន វានឹងបណ្ដាលឱ្យអេក្រង់ដីកម្រ មិនអាចបង្កើតពន្លឺពណ៌ ស ក្បុស ដែលជាចំនុចពិសេស ដើម្បីវាយតម្លៃនូវសមត្ថភាពនៃអេក្រង់។

ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ខ្លួនត្រូវការពេល ៣ឆ្នាំ​ ក្នុងការស្វែងរករូបមន្តស្ដង់ដា ដើម្បីអាចផលិតអេក្រង់នេះបាន។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BI