អាចម៍ផ្កាយដ៏ធំមួយបានធ្លាក់មកលើផែនដី កាលពី ៦៥លានឆ្នាំមុន បណ្ដាលអោយសត្វដាយណូស័រ ផុតពូជ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា កាលពីមុននោះ ក៏ធ្លាប់មានមហាគ្រោះធម្មជាតិមួយបានកើតឡើង ខណៈដែលភ្នំភ្លើងបានផ្ទុះ បណ្ដាលអោយសត្វនៅក្រោមសមុទ្រភាគច្រើន ត្រូវផុតពូជ។

ក្រុមអ្នកវិទ្យាសាស្ដ្រនៅសាកលវិទ្យាល័យ Washington អាមេរិក យល់ថា ផែនដីធ្លាប់បានឆ្លងកាត់មហាគ្រោះប្រល័យលោកចំនួនពីរលើក។ ពួកគេយល់ថា ក្រៅពីការផុតពូជរបស់សត្វ ដាយណូស័រ អាចម៍ផ្កាយដែលបានធ្លាក់មកលើផែនដីកាលពី ៦៥លានឆ្នាំមុន ក៏បានធ្វើអោយសត្វសមុទ្រភាគច្រើនត្រូវផុតពូជ ដោយនៅសល់តែ ខ្យង និងគ្រំ។

សម្រាប់មហាគ្រោះប្រល័យលោកដំបូង ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្របកស្រាយថា កើតឡើងដោយសារឥទ្ធិពលនៃភ្នំភ្លើងនៅតំបន់ខ្ពង់រាប Deccan ប្រទេសឥណ្ឌា មុនពេលផែនដីត្រូវប៉ះនឹងអាចម៍ផ្កាយ។ ការផ្ទុះភ្នំភ្លើងនេះ បានធ្វើអោយទឹកសមុទ្រក្ដៅឡើងៗ និងបានប្រល័យសត្វក្នុងសមុទ្រស្ទើរតែទាំងអស់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ KH