មកដល់ពេលនេះ មានមនុស្សយ៉ាងច្រើន ចង់ធ្វើដំណើរទៅក្នុងអវកាស ដោយប្រើជណ្ដើរប្រអប់ ក្នុងនោះ  NASA របស់អាមេរិក  ក៏បាន និងកំពុងស្រាវជ្រាវរកវិធីដើម្បីបង្កើតជណ្ដើរអវកាសនេះ ចំណែកបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងពិភពលោក ក៏កំពុងធ្វើសកម្មភាពដូចគ្នានេះដែរ។

/

ថ្មីៗនេះ ក្រុមហ៊ុនសាងសង់មួយរបស់ ជប៉ុន មានឈ្មោះថា Obayashi បានប្រកាសអំពីគម្រោងបង្កើតជណ្ដើរប្រអប់ ដែលអាចធ្វើដំណើរទៅកាន់អវកាស ហើយគម្រោងនេះនឹងសម្រេចបានទាំងស្រុង នៅឆ្នាំ ២០៥០។ ទំព័រ ABC ឱ្យដឹងថា Obayashi បានបង្ហើបថា ពួកគេកំពុងស្រាវជ្រាវ បង្កើតជណ្ដើរប្រអប់  ដែលប្រើខ្សែពួរប្រវែង ៩៦.០០០គីឡូម៉ែត្រ  និងមានសមត្ថភាពដឹកជញ្ជូនទំនិញចូលទៅកាន់អវកាស ដោយចំណាយប្រាក់ទាបជាងច្រើន បើធៀបនឹងការដឹកជញ្ជូនដោយវិធីបាញ់កាំជ្រូច ៖ ទំនិញ ១ គីឡូក្រាម ដឹកតាមយានអវកាស​ដែលបាញ់ឡើងដោយកាំជ្រួច មានតម្លៃប្រហែល ២.២០០០ដុល្លារអាមេរិក ចំណែកដឹកតាមជណ្ដើរប្រអប់អវកាសរបស់ Obayashi នឹងមានតម្លៃ ជាង ២០០ដុល្លារ។

/

នៅ​ក្នុងការដឹកជញ្ជូនមួយជើងៗ  តាមជណ្ដើរប្រអប់នេះ ​ នឹងត្រូវចំណាយពេល  ៧ថ្ងៃ​ (មិនគិតអំពីដំណើរត្រឡប់មកវិញ) ដោយមានគោលដៅ គឺស្ថានីយអវកាសពិសេស ដែលត្រូវបានបង្កើតឡើងដោយឡែក សម្រាប់តែគម្រោងនេះ។

ក្រុមហ៊ុន Obayashi ឱ្យដឹងថា ការបង្កើតជណ្ដើរប្រអប់អវកាស មិនមែនជារឿងងាយស្រួល ព្រោះថា បច្ចុប្បន្ន នៅមានវត្ថុធាតុចំបាច់មួយចំនួន មិនទាន់មាននៅឡើយ។ ប៉ុន្ដែ ក្រុមហ៊ុនជឿជាក់ថា ក្នុងអនាគត បច្ចេកវិទ្យា nano carbon នឹងអាចជួយដល់គម្រោងនេះ។

/

អគ្គនាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Obayashi លោក Yoji Ishikawa ប្រាប់ ABC ថា ៖ “ជណ្ដើរប្រអប់ អវកាស ត្រូវការខ្សែកាបដែលមានភាពមាំមួនជាង ១០០ដង ធៀបនឹងខ្សែកាបដែកថែប។ ពេលនេះ យើងមិនទាន់បានផលិតខ្សែកាបដែលមានប្រវែង អាចលាតសន្ធឹងដល់អវកាសនៅឡើយ។ យើងខ្ញុំបានអាចផលិតខ្សែកាប nano ប្រវែង ៣ស.ម ប៉ុន្ដែ យើងត្រូវការច្រើនជាងនេះ ក៏ប៉ុន្ដែ យើងសង្ឃឹមថា ដល់ឆ្នាំ ២០៣០ យើងនឹងប្រែក្លាយប្រការនេះ ទៅជាការពិត”។ យ៉ាងនេះក៏ដោយ លោក Yoji Ishikawa ក៏យល់ស្របដែរថា ក្រុមហ៊ុនខ្លួន មិនអាចធ្វើកិច្ចការនេះតែឯងនោះទេ ពោលគឺត្រូវមានកិច្ចសហការណ៍ពីភាគីអន្ដរជាតិ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNet/Inhabitat