វត្ថុមួយដែលដូចទៅនឹងស្លាបព្រា ក្នុងរូបថតស្ដីអំពីទិដ្ឋភាពដីនៅលើភពព្រះអង្គាររបស់អង្គការណាសា បណ្ដាលឱ្យមនុស្សជាច្រើន ជឿថា វាជាសញ្ញានៃជីវិតនៅលើភពក្រហមនេះ។

អ្នកប្រើប្រាស់ Youtube ម្នាក់ បានប្រទះឃើញវត្ថុមួយដែលដូចទៅនឹងស្លាបព្រាបាយ ក្នុងរូបថតមួយស្ដីអំពីដីលើភពព្រះអង្គារ ដែលថតដោយយាន Curiosity Rover របស់ណាសា នេះបើតាមទំព័រ Express ចុះផ្សាយកាលពីថ្ងៃទី២១កន្លងទៅ។

Scott C Waring អ្នកជំនាញខាងស្វែងរកមនុស្សភពផ្កាយ អធិប្បាយថា ៖ “នេះគឺជាស្លាបព្រា ទីពីរដែលត្រូវបានរកឃើញនៅលើភពក្រហម ដែលដូចទៅនឹងស្លាបព្រាលើកដំបូង។ ក្រោយពីពិនិត្យមើលស៊ីជម្រៅ ខ្ញុំរកឃើញឧបករណ៍ផ្ទះបាយមួយទៀត មានរូបរាងដូចស្លាបព្រា ប៉ុន្តែ កន្ទុយរបស់វាមានរាងបីជ្រុង នៅផ្នែកខាងលើ ជ្រុងខាងឆ្វេងនៃរូបថត។ វាអាចត្រូវបានប្រើដើម្បីកូរ ឬធ្វើជាកាំបិត បើសិនកាន់បញ្ច្រាស”។

ក្រៅពីនេះ Waring ឱ្យដឹងថា ទំហំនៃស្លាបព្រាខាងលើ បង្ហាញថា ម្ចាស់របស់វាក៏មានមាឌធំប្រហាក់ប្រហែលនឹងមនុស្សនៅលើផែនដី។

/

កន្លងមក Waring និងមនុស្សជាច្រើនបានប្រកាសថា បានរកឃើញវត្ថុជាច្រើនដែលមានរូបរាងដូច ស្បែកជើង កាំភ្លើង ហ្វូស៊ីល និងសត្វ នៅក្នុងរូបថតរបស់ណាសា ដែលថតទិដ្ឋភាពនៅលើភពព្រះអង្គារ។ ពួកគេយល់ថា ទាំងនេះគឺជាសញ្ញាដែលបង្ហាញអំពីវត្តមាននៃមនុស្សភពផ្កាយ នៅលើភពក្រហមនេះ។

យ៉ាងណាក៏ដោយ ខាងណាសា និងអ្នកវិទ្យាសាស្ដ្រ ធ្លាប់បានបកស្រាយថា វត្ថុ ឬសត្វដែលពួកគេរកឃើញក្នុងរូបថត គឺគ្រាន់តែជាបាតុភូតផ្លូវចិត្ត pareidolia ពោលគឺខួរក្បាលបោកប្រាស់ចក្ខុវិញ្ញាណ ធ្វើឱ្យយើងមើលឃើញអ្វីមួយថាជាមនុស្ស ឬឧបករណ៍ប្រើប្រាស់។

/

ណាសាយល់ថា រូបភាពដែលដូចស្លាបព្រាខាងលើ អាចគ្រាន់តែជាដីខ្សាច់នៅលើភពអង្គារ។ អង្គការនេះ បានអះអាងថា យាន Curiosity Rover មិនទាន់រកឃើញអ្វីមួយដែលជាភ័ស្ដុតាងស្ដី អំពីវត្តមាននៃជីវិតនៅលើភពព្រះអង្គារនៅឡើយ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Express